លោក Vasily Nebenzya តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា វិធានការដែលសហរដ្ឋអាមេរិកបានធ្វើឡើងប្រឆាំងនឹងវ៉េណេស៊ុយអេឡា អាចក្លាយជាគំរូសម្រាប់សកម្មភាពយោធានាពេលអនាគតដោយទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងប្រទេសអាមេរិកឡាទីនផ្សេង ទៀត។

លោកបានថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខUNស្តីពីប្រទេសវ៉េណេស៊ុយអេឡាថា៖«ជាអកុសល មានហេតុផលគ្រប់បែបយ៉ាង ដើម្បីជឿថា សកម្មភាពរបស់សហរដ្ឋអាមេរិកចំពោះវ៉េណេស៊ុយអេឡាមិនមែនជាសកម្មភាពម្តងម្កាលនោះទេ។ អន្តរាគមន៍ដែលកំពុងលាតត្រដាងនេះ អាចក្លាយជាគំរូសម្រាប់សកម្មភាពបង្ខំនាពេលអនាគតប្រឆាំងនឹងរដ្ឋអាមេរិកឡាទីន ក្រោមអ្វីដែលគេហៅថា គំរូរបស់លោក ត្រាំ ចំពោះគោលការណ៍ Monroe ដែលមានចែងក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកដែលបានបោះពុម្ពផ្សាយ នាពេលថ្មីៗនេះ»។

អ្នកការទូតរុស្ស៊ីរូបនេះ បានកត់សម្គាល់ថា គោលនយោបាយរបស់សហរដ្ឋអាមេរិក គឺជា«សញ្ញាច្បាស់លាស់មួយដល់ប្រទេសទាំងអស់ នៅក្នុងតំបន់ដែលកំពុងស្វែងរកការបន្តដំណើរឆ្ពោះទៅរកអធិបតេយ្យភាព និងកំណត់ដោយឯករាជ្យនូវប្រព័ន្ធសេដ្ឋកិច្ច នយោបាយ និងវប្បធម៌របស់ពួកគេ»។
លោកបានលើកឡើងថា៖«ទីក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនជាស្រេច ដើម្បីគោរពឯករាជ្យភាពរបស់អ្នក និងគិតគូរពីផលប្រយោជន៍របស់អ្នក លុះត្រាតែអ្នកត្រៀមខ្លួនរួចជាស្រេចដើម្បីសម្របខ្លួនទៅនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងបន្តដំណើរឆ្ពោះទៅរកផលប្រយោជន៍សម្រាប់ពួកគេ»។
ទីក្រុងវ៉ាស៊ីនតោនចោទប្រកាន់អាជ្ញាធរវ៉េណេស៊ុយអេឡាថា បានប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនមិនគ្រប់គ្រាន់។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិក អាចនឹងចាប់ផ្តើមវាយប្រហារគោលដៅក្រុមជួញដូរគ្រឿងញៀន នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ក្នុងពេលឆាប់ៗនេះ៕