ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអង្គារបានចូលរួមជាមួយដៃគូអឺរ៉ុប ក្នុងការបង្ហាញ «សាមគ្គីភាពពេញលេញ» ជុំវិញបញ្ហា ដែនដីGreenland បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីពេលថ្មីៗនេះបានបញ្ជាក់ជាថ្មីពីការអះអាងរបស់លោកក្នុងការគ្រប់គ្រងដែនដីស្វយ័តរបស់ប្រទេសដាណឺម៉ាកមួយនេះ។ លោក Macron បាននិយាយនៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X ថា ដែនដី «Greenland ជាកម្មសិទ្ធិរបស់ប្រជាជន ដែលប្រទេសដាណឺម៉ាកឈរជាអ្នកធានាចំពោះដែនដីនេះ។

លោក Macron បាននិយាយដោយសំដៅទៅលើដំណើរទស្សនកិច្ចរបស់លោកទៅកាន់ដែនដី Greenland កាលពីខែមិថុនាថា «នៅទីក្រុង Nuuk ខ្ញុំបានបញ្ជាក់ជាថ្មីនូវការគាំទ្រឥតងាករេរបស់ប្រទេសបារាំងចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសដាណឺម៉ាក និងតំបន់ Greenland»។ កាលពីថ្ងៃអាទិត្យ លោក Trump បានប្រកាសតែងតាំងអភិបាលរដ្ឋ Louisiana លោក Jeff Landry ជាបេសកជនពិសេសប្រចាំដែនដី Greenland។

ការតែងតាំងបេសកជនប្រចាំដែនដី Greenland របស់លោក Trump បានបង្កឱ្យមានប្រតិកម្មផ្នែកការទូតយ៉ាងខ្លាំងនៅដែនដីGreenland ប្រទេសដាណឺម៉ាកនិងសហភាពអឺរ៉ុប(EU)។ សហរដ្ឋអាមេរិក ត្រូវបានចោទប្រកាន់ពីការបង្ហាញចំណាប់អារម្មណ៍ដ៏លោភលន់របស់ខ្លួននៅកោះដែលសម្បូរទៅដោយរ៉ែមួយនេះ។ ដែនដី Greenland ជាអតីតអាណានិគមរបស់ប្រទេសដាណឺម៉ាក ត្រូវបានផ្តល់សិទ្ធិគ្រប់គ្រងក្នុងតំបន់នៅឆ្នាំ១៩៧៩។