តំណាងមកពីទីភ្នាក់ងារជាច្រើនរបស់អង្គការសហប្រជាជាតិ បានព្រមានជាថ្មីម្ដងទៀតកាលពីថ្ងៃចន្ទ (២២ ធ្នូ) ប្រាប់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UNSC ថា អំពើហិង្សាកំពុងកើនឡើងឥតឈប់ឈរ និងស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ទៅៗនៅប្រទេសស៊ូដង់ ស្របពេលហានិភ័យកាន់តែខ្លាំងចំពោះជនស៊ីវិល និងបុគ្គលិកមនុស្សធម៌ ខណៈភាគីជម្លោះបន្តប្រយុទ្ធគ្នាដើម្បីគ្រប់គ្រងទឹកដី។

លោក Mohamed Khaled Khiari អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកមជ្ឈិមបូព៌ា អាស៊ី និងប៉ាស៊ីហ្វិក បានថ្លែងទៅកាន់ក្រុមប្រឹក្សា UNSC ថា៖ ចាប់តាំងពីកិច្ចប្រជុំចុងក្រោយស្តីពីស៊ូដង់ ក្នុងខែតុលាមក ជម្លោះបានកើនឡើងម្តងទៀត ដែលបង្កើនភាពភ័យខ្លាចថា ការប្រយុទ្ធគ្នាកាន់តែអាក្រក់ និងការវាយប្រហារជាថ្មីលើជនស៊ីវិល។

លើសពីភាពតានតឹងនេះ សេវាសំខាន់ៗ រួមទាំងមណ្ឌលសុខភាពក៏ត្រូវបានវាយប្រហារផងដែរ ហើយប្រជាជនប្រឈមមុខនឹងកម្រិតយ៉ាងធ្ងន់ធ្ងរនៃជំងឺ និងភាពអត់ឃ្លាន។ តំណាងអង្គការសុខភាពពិភពលោក WHO ប្រចាំស៊ូដង់ បានព្រមានពីកង្វះអាហារូបត្ថម្ភដ៏អាក្រក់ ដោយនិយាយថា «ស៊ូដង់គឺជាវិបត្តិស្បៀងអាហារដ៏ធំបំផុតមួយរបស់ពិភពលោក»។
ស៊ូដង់ បានធ្លាក់ក្នុងភាពវឹកវរនៅខែមេសា ឆ្នាំ២០២៣ នៅពេលការតស៊ូដណ្តើមអំណាចរវាងយោធាជាតិ និងយោធាប៉ារ៉ា RSF បានផ្ទុះឡើងទៅជាការប្រយុទ្ធគ្នាជាសាធារណៈ។ យោងតាមអង្គការសហប្រជាជាតិ សង្គ្រាមដ៏បង្ហូរឈាម ដែលឥឡូវនេះចូលដល់ឆ្នាំទី៣ហើយ បានសម្លាប់មនុស្សជាង ៤ម៉ឺននាក់ និងបង្កជាវិបត្តមនុស្សធម៌ដ៏ធំបំផុតក្នុងពិភពលោក៕