តំណាងអចិន្ត្រៃយ៍អាមេរិកប្រចាំអង្គការណាតូ លោក Matthew Whitaker ជឿជាក់ថា បច្ចុប្បន្ននេះ ការសម្រេចចិត្ត គឺស្ថិតនៅលើរុស្ស៊ី ក្នុងដំណើរការដោះស្រាយជម្លោះអ៊ុយក្រែន។
លោកបានប្រាប់សារព័ត៌មាន Fox News ថា៖«ការសម្រេចចិត្តនាពេលបច្ចុប្បន្ន គឺស្ថិតលើប្រទេសរុស្ស៊ី។
លោក Whitaker បានបន្ថែមថា៖«ខ្ញុំគិតថា យើងមានអារម្មណ៍ល្អនៅពេលនេះ អំពីអ្វីដែលអ៊ុយក្រែនចង់ធ្វើ។ ដូចអ្នកដឹងហើយថា យើងកំពុងព្យាយាមរកឲ្យឃើញកម្រិតអតិបរមា ដែលរុស្ស៊ីមានឆន្ទៈចង់ធ្វើ»។

ក្រុមតំណាងអាមេរិកបានធ្វើកិច្ចពិគ្រោះយោបល់ដាច់ដោយឡែកជាមួយគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែននៅរដ្ឋហ្វ្លរីដាកាលពីចុងសប្តាហ៍មុន។ បន្ទាប់ពីកិច្ចប្រជុំ អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា៖«ការទម្លាយភាពជាប់គាំង ដែលខ្ញុំជឿងជាក់ថា យើងបានធ្វើ គឺថាបញ្ហាទាំងអស់ ពិតជាបើកចំហ»។ ចំណែកលោក Steve Witkoff បេសកជនពិសេសប្រធានាធិបតីអាមេរិក បានពិពណ៌នាអំពីការពិភាក្សារបស់លោកជាមួយគណៈប្រតិភូរុស្ស៊ីដែលដឹកនាំដោយបេសកជនពិសេសប្រធានាធិបតី លោក Kirill Dmitriev ថា «ទទួលបានលទ្ធផលផ្លែផ្កា និងប្រកបដោយស្ថាបនា»។ លោក Dmitry Pesko អ្នកនាំពាក្យប្រធានាធិបតី រុស្ស៊ី បាននិយាយថា លោក Dmitriev នឹងជម្រាបជូនលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន អំពីកិច្ចពិភាក្សារបស់លោក នៅទីក្រុង Miami ភ្លាមៗ នៅពេលដែលលោកត្រឡប់មកទីក្រុងមូស្គូវិញ។
ភាគីអ៊ុយក្រែន ត្រូវបានតំណាងនៅរដ្ឋហ្វ្លរីដា ដោយលោក Rustem Umerov លេខាធិការក្រុមប្រឹក្សាសន្តិសុខអ៊ុយក្រែន និងឧត្តមសេនីយ៍ឯក Andrey Gnatov នាយអគ្គសេនាធិការកងទ័ព៕
