រដ្ឋាភិបាលកូឡុំប៊ី បានប្រកាសភាពអាសន្នផ្នែកសេដ្ឋកិច្ច កាលពីថ្ងៃចន្ទ (២២ ធ្នូ) ដែលអនុញ្ញាតឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី Gustavo Petro ដាក់ពន្ធតាមរយៈក្រឹត្យ ខណៈប្រទេសនេះជួបការលំបាកផ្តល់ហិរញ្ញប្បទានដល់មន្ទីរពេទ្យ និងយោធា ស្របពេលកំពុងសងបំណុលដ៏ច្រើនសន្ធឹកសន្ធាប់។
រដ្ឋាភិបាលឆ្វេងនិយមរបស់លោក Petro ថ្មីៗនេះ បានបរាជ័យ ដោយមិនអាចទទួលបានការអនុម័តពីសភាសម្រាប់សេចក្តីព្រាងច្បាប់ពន្ធអាករក្នុងស្រុក ដែលនឹងរុញថវិការបស់រដ្ឋាភិបាលឱ្យកើនឡើងចំនួន ៤ពាន់លានដុល្លារ បន្ថែមនៅឆ្នាំ២០២៦ ដែលក៏ជាឆ្នាំបោះឆ្នោតប្រធានាធិបតី និងសភា។

ការចំណាយសាធារណៈក្រោមការដឹកនាំរបស់លោក Petro ដែលជាប់ឆ្នោតក្នុងឆ្នាំ២០២២ បានកើនឡើងដល់កម្រិតដែលលើសពីការចំណាយក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩។ នៅឆ្នាំ២០២៥នេះ រដ្ឋាភិបាលជាតិរបស់កូឡុំប៊ី មានថវិកាប្រមាណ ១៣៤ពាន់លានដុល្លារ ដ៏ច្រើនរួចទៅហើយ។
រដ្ឋាភិបាលមិនទាន់ចេញផ្សាយច្បាប់បញ្ជាក់ពីពន្ធដែលខ្លួនចង់ដាក់ នៅក្រោមស្ថានភាពអាសន្ននេះនោះទេ ប៉ុន្តែអ្នកវិភាគជាច្រើនរំពឹងថា តុលាការធម្មនុញ្ញនឹងលុបចោលក្រឹត្យប្រកាសអាសន្ននេះ។ យោងតាមច្បាប់កូឡុំប៊ី ស្ថានភាពអាសន្នសេដ្ឋកិច្ច អាចត្រូវបានប្រកាស លុះត្រាតែមានការគំរាមកំហែងធ្ងន់ធ្ងរ ជាក់ស្តែង និងមិននឹកស្មានដល់ ចំពោះសណ្តាប់ធ្នាប់សេដ្ឋកិច្ចរបស់ប្រទេសតែប៉ុណ្ណោះ៕

