នគរបាលអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានចាប់ខ្លួនជនជាតិអ៊ីស្រាអែល ៥នាក់ ដែលសង្ស័យថា បានវាយប្រហារគ្រួសារប៉ាឡេស្ទីនមួយ នៅក្នុងទីក្រុងវេសបែង ( West Bank) ដែលបានបង្កឲ្យម្តាយម្នាក់ និងកូនបីនាក់ រងរបួស។
ជនសង្ស័យទាំងនេះ គឺស្ថិតក្នុងចំណោមមនុស្សយ៉ាងហោចណាស់ ៦នាក់ ដែលបានឃើញនៅក្នុងរូបភាពវីដេអូកាមេរ៉ាសុវត្ថិភាពពីផ្ទះរបស់គ្រួសារនេះ នៅក្នុងទីក្រុង as-Samu ក្នុងខេត្ត Hebron ភាគខាងត្បូងនៃតំបន់វេសបែង។ នៅក្នុងវីដេអូដែលចរាចរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកវាយប្រហារត្រូវបានគេឃើញវាយដំចៀម និងបំផ្លាញទ្រព្យសម្បត្តិ ក្នុងអំឡុងពេលវាយឆ្មក់នៅពេលយប់។
នគរបាលអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សមាជិកគ្រួសារត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីដកដង្ហើមស្រូបចូលស្ព្រៃយ៍ម្រេច និងរបួសផ្សេងៗទៀត។

គេហទំព័រព័ត៌មាន Ynet របស់អ៊ីស្រាអែល បានរាយការណ៍ថា ចៀមមួយចំនួន ត្រូវបានសម្លាប់ និងចៀមមួយចំនួនទៀត ត្រូវបានកាត់អវយវៈ។
កាសែតប្រចាំថ្ងៃរបស់អ៊ីស្រាអែល Ha'aretz បានរាយការណ៍ថា គ្រួសារនេះ ត្រូវបានវាយប្រហារកាលពីខែមុន នៅពេលដែលអ្នកតាំងលំនៅពាក់ម៉ាស់ បានវាយធ្វើបាបកូនចៀម សម្លាប់ចៀមជាច្រើនក្បាល និង បានបង្កឲ្យខូចខាតដល់ផ្ទះសម្បែង។
ប្រជាជនប៉ាឡេស្ទីននៅតំបន់វេសបែង បានប្រឈមមុខនឹងការវាយប្រហារដោយយោធាកាន់តែខ្លាំងឡើងរបស់អ៊ីស្រាអែល ក៏ដូចជាការកើនឡើងនៃការវាយប្រហារដោយអ្នកតាំងលំនៅឋាន ចាប់តាំងពីខែតុលា ឆ្នាំ២០២៣៕
