បើយោងតាមការចេញផ្សាយចុងក្រោយនៃរបាយការណ៍របស់មន្ទីរបញ្ចកោណ ស្តីពីសមត្ថភាពយោធាចិន បានឲ្យដឹងថា យោធាចិនកំពុងស្ថិតនៅក្នុងរយៈពេលនៃ «ការកើនឡើងនូវកងកម្លាំងយោធាជាប្រវត្តិសាស្ត្រ» ដែលធ្វើឲ្យមាតុភូមិអាមេរិក «កាន់តែងាយរងគ្រោះ» ដោយនេះបង្ហាញពីបញ្ហាប្រឈម ចំពោះផែនការរបស់លោកប្រធានាធិបតី Donald Trump ក្នុងការកម្រិតថ្មី លើឃ្លាំងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី។

របាយការណ៍ដែលត្រូវបានបង្ហោះនៅលើគេហទំព័ររបស់មន្ទីរបញ្ចកោណកាលពីថ្ងៃអង្គារ (ទី២៣ ខែធ្នូ) គឺជាកំណែដំបូងដែលបានចេញផ្សាយ អំឡុងរដ្ឋបាលរបស់លោក Trump អាណត្តិទី២។ របាយការណ៍នេះ ពិពណ៌នាអំពីយោធាចិនថា កាន់តែទំនើប និងមានភាពធន់ខ្លាំងឡើងៗ មានការប្រុងប្រយ័ត្ន ចំពោះកិច្ចព្រមព្រៀងទ្រង់ទ្រាយធំជាមួយអាមេរិក និងរៀនសូត្រពីបញ្ហារបស់រុស្ស៊ី នៅអ៊ុយក្រែន ខណៈកំពុងបង្កើនសម្ពាធ លើកោះតៃវ៉ាន់។
ហើយទោះបីជារបាយការណ៍នេះកត់សម្គាល់ថា ចិន និងរុស្ស៊ីបន្តធ្វើឲ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំង២ ដែល «ស្ទើរតែប្រាកដណាស់ត្រូវបានជំរុញដោយការចាប់អារម្មណ៍រួមគ្នា ក្នុងការប្រឆាំងនឹងសហរដ្ឋអាមេរិក» ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការនោះ ត្រូវបានរារាំងដោយសារភាគីទាំង២ មានមន្ទិល «ក្នុងការជឿទុកចិត្តគ្នាទៅវិញទៅមក»។
របាយការណ៍នេះបានគូសបញ្ជាក់ អំពី «ឃ្លាំងអាវុធដ៏ធំ និងកំពុងកើនឡើង» របស់ប្រទេសចិន ដែលមានអាវុធនុយក្លេអ៊ែរ ជើងទឹក អាវុធវាយប្រហារធម្មតារយៈចម្ងាយឆ្ងាយ សមត្ថភាពតាមប្រព័ន្ធអ៊ីនធឺណិត និងអវកាស ដែលត្រូវបានបញ្ជាក់ថា អាច «គំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខរបស់អាមេរិក»៕
