កាលពីថ្ងៃអង្គារ (ទី២៣ ខែធ្នូ) ប្រទេសចិនបានរិះគន់សហរដ្ឋអាមេរិកយ៉ាងខ្លាំង ចំពោះការបង្កើននូវការដាក់ពង្រាយយោធារបស់ខ្លួន នៅជិតប្រទេសវ៉េណេស៊ុយអេឡា ដោយព្រមានថា វិធានការរបស់ទីក្រុងវ៉ាស៊ីនតោន បានធ្វើឲ្យមានភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង ហើយគំរាមកំហែងដល់សន្តិភាព និងសន្តិសុខ នៅតំបន់អាមេរិកឡាទីន និងការ៉ាអ៊ីប។
នៅក្នុងសម័យប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខ ស្ដីពីវ៉េណេស៊ុយអេឡា លោក Sun Lei តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ (UN) បាននិយាយថា៖ «មួយរយៈពេលនេះ ក្រោមលេសនៃការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន សហរដ្ឋអាមេរិកបានបន្តបង្កើនការដាក់ពង្រាយយោធារបស់ខ្លួន នៅក្នុងដែនទឹកនៃសមុទ្រការ៉ាអ៊ីប ម្ដុំឆ្នេរសមុទ្ររបស់វ៉េណេស៊ុយអេឡា»។
លោក Sun បានអះអាងថា៖ «វិធានការ និងវោហាសាស្ត្ររបស់សហរដ្ឋអាមេរិក បាននាំឲ្យភាពតានតឹងក្នុងតំបន់បន្តមាន ធ្វើឲ្យមានក្ដីបារម្ភខ្លាំងឡើងៗ ក្នុងចំណោមបណ្ដាប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិ»។

លោកបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានរំលោភលើបទដ្ឋានអន្តរជាតិ ដោយសង្កត់ធ្ងន់ថា វិធានការរបស់សហរដ្ឋអាមេរិកនេះ «រំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសដទៃ រំលោភយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញ UN និងច្បាប់អន្តរជាតិ ហើយគំរាមកំហែងដល់សន្តិភាព និងសន្តិសុខ នៅតំបន់អាមេរិកឡាទីន និងការ៉ាអ៊ីប»។
ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសបិទផ្លូវដឹកជញ្ជូនប្រេង កាលពីសប្តាហ៍មុន កងកម្លាំងអាមេរិកបានរឹបអូសយ៉ាងហោចណាស់នាវាដឹកប្រេងចំនួន ២គ្រឿង ខណៈដែលបានចាកចេញពីវ៉េណេស៊ុយអេឡា ដោយលោក Trump បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹង «រក្សានាវាទាំងនេះទុក» រួមជាមួយនឹងទំនិញ»។ ទីក្រុងវ៉ាស៊ីនតោនបានផ្ដល់ហេតុផលថា វិធានការរបស់ខ្លួន មានគោលបំណងប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន៕

