អ៊ុយក្រែន៖ ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNCHR) និយាយថា ទីភ្នាក់ងារកំពុងប្រមូលធនធានដើម្បីឆ្លើយតបឲ្យបានលឿន និងមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន ដល់ប្រជាជនដែលកំពុងភៀសខ្លួនពីការវាយប្រហាររបស់យោធារុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។

យោងតាមទិន្នន័យថ្មីរដ្ឋាភិបាលចងក្រងដោយទីភ្នាក់ងារបានឲ្យដឹងថា ជនភៀសខ្លួនប្រមាណ ៦៦០,០០០នាក់ ពេលនេះបានភៀសខ្លួនពីប្រទេសអ៊ុយក្រែនចូលទៅកាន់ប្រទេសជិតខាង ក្នុងរយៈពេល ៦ថ្ងៃកន្លងទៅនេះ។ បណ្តាប្រទេសជិតខាងរហូតមកដល់ពេលនេះនៅតែបើកព្រំដែនរបស់ពួកគេ សម្រាប់ជនភៀសខ្លួនចាកចេញពីសង្គ្រាមនៅអ៊ុយក្រែន។ ប្រជាជនភាគច្រើនភៀសខ្លួនទៅកាន់ប្រទេសប៉ូឡូញ ហុងគ្រី ម៉ុលដូវ៉ា រ៉ូម៉ានី ស្លូវ៉ាគី ខណៈប្រជាជនភៀសខ្លួនមួយចំនួនទៀតធ្វើដំណើរទៅកាន់ប្រទេសនៅអឺរ៉ុបផ្សេងទៀត។ ចំនួនប្រជាជនដ៏ច្រើនក៏បានចូលទៅកាន់សហព័ន្ធរុស្សី។

បណ្តាអាជ្ញាធររបស់ប្រទេសកំពុងទទួលបន្ទុកទទួលខុសត្រូវ សម្រាប់ការចុះឈ្មោះ ការទទួលផ្តល់កន្លែងស្នាក់នៅ និងការពារប្រជាជនភៀសខ្លួនទាំងនេះ។ ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNCHR) មានវត្តមានឈរជើងយូរអង្វែងនៅក្នុងតំបន់រួមមានប្រទេសប៉ូឡូញ ហុងគ្រី ម៉ុលដូវ៉ា រ៉ូម៉ានី ស្លូវ៉ាគី ហើយកំពុងសម្របសម្រួលការឆ្លើយតបចំពោះជនភៀសខ្លួន ជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិដទៃទៀត និងដៃគូអង្គការក្រៅរដ្ឋាភិបាលក្នុងការគាំទ្ររបស់អាជ្ញាធរប្រទេស៕
អត្ថបទ៖ ប៊ុនថន