អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បានប្រាប់សារព័ត៌មាន TASS ថា ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់កត្តារំខានទៅវិញទៅមក ក្នុងទំនាក់ទំនងទ្វេភាគីនាពេលបច្ចុប្បន្ន បន្ទាប់ពីពួកគេបានធ្វើការពិគ្រោះយោបល់ជុំមួយទៀត។
ប្រមុខការទូតរុស្ស៊ីរូបនេះ បានឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធមួយថា៖«ខ្ញុំបញ្ជាក់ថា ការពិគ្រោះយោបល់ជុំមួយទៀតលើកត្តារំខានជាមួយសហរដ្ឋអាមេរិក បានកើតឡើង»។ លោកបានបន្ថែមថា៖«មានវឌ្ឍនភាពតិចតួចណាស់» ដោយនិយាយថា ប្រទេសទាំងពីរ នឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់កត្តារំខានសំខាន់ៗ។

នាពេលថ្មីៗនេះ លោក Ryabkov បានបញ្ជាក់ថា រុស្ស៊ីបានរក្សាទំនាក់ទំនងជាប្រចាំជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហារំខានដល់ទំនាក់ទំនងទ្វេភាគីរបស់ពួកគេ ដោយប្រើបណ្តាញការទូត។
នៅថ្ងៃទី ២៧ ខែកុម្ភៈ និងថ្ងៃទី ១០ ខែមេសា កិច្ចពិភាក្សាត្រូវបានធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីកែលម្អលក្ខខណ្ឌការងាររបស់ស្ថានទូតរុស្ស៊ី និងសហរដ្ឋអាមេរិក និងពិភាក្សាអំពីវិធីដើម្បីយកឈ្នះលើកត្តារំខានក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នៅក្នុងកិច្ចពិគ្រោះយោបល់ជុំទី ១ និងទី ២ គណៈប្រតិភូរុស្ស៊ីត្រូវបានដឹកនាំដោយឯកអគ្គរដ្ឋទូតប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Alexander Darchiev ខណៈដែលគណៈប្រតិភូអាមេរិកដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអឺរ៉ុប និងអឺរ៉ាស៊ី លោកស្រី Sonata Coulter។ កិច្ចប្រជុំលើកដំបូងត្រូវបានធ្វើឡើងដោយបិទទ្វារ និងមានរយៈពេលជាង ៦ ម៉ោង ខណៈដែលកិច្ចពិភាក្សាជុំទី ២ មានរយៈពេល ៥ម៉ោងកន្លះ៕
