យោងតាមការព្យាករប្រជាសាស្រ្តរយៈពេលវែងដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ (ទី២៣ ខែធ្នូ) បានឲ្យដឹងថា ចំនួនប្រជាជនវៀតណាម ត្រូវបានព្យាករថា នឹងឈានដល់កម្រិតខ្ពស់បំផុត ក្នុងរង្វង់ឆ្នាំ២០៥៩ មុនពេលចូលដល់រយៈពេលនៃកំណើនទាប ឬថេរ ខណៈដែលប្រទេសនេះរៀបចំត្រៀមប្រឈមជាមួយមនុស្សមានវ័យចំណាស់យ៉ាងឆាប់រហ័ស អតុល្យភាពយេនឌ័រដ៏ជាប់លាប់ និងការផ្លាស់ប្តូរគំរូនៃការបម្លាស់លំនៅ។

ការរកឃើញនេះ ត្រូវបានបង្ហាញនៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយការិយាល័យស្ថិតិទូទៅ ក្នុងការសម្របសម្រួលជាមួយមូលនិធិប្រជាជនអង្គការសហប្រជាជាតិ ដោយផ្អែកលើទិន្នន័យជំរឿនថ្មីៗ និងការស្ទង់មតិទ្រង់ទ្រាយធំ ដែលគ្របដណ្តប់លើស្ថានភាពសេដ្ឋកិច្ចសង្គម នៅទូទាំងជាតិពន្ធុចំនួន ៥៣ក្រុម។
នៅក្រោមសេណារីយូនៃការមានកូនកម្រិតមធ្យម ប្រជាជនវៀតណាមត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងជាច្រើនទសវត្សរ៍ មុននឹងឈានដល់កម្រិតខ្ពស់បំផុត នៅក្នុងរង្វង់ពាក់កណ្តាលសតវត្សរ៍ បន្ទាប់មកមានការផ្លាស់ប្តូរឆ្ពោះទៅរកការមានកំណើនទាប ឬថេរ។
ក្នុងរយៈពេលពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៧៤ ចំនួនប្រជាជនរបស់ប្រទេសនេះ ត្រូវបានព្យាករថា នឹងកើនឡើងដល់ប្រហែល ១១៤លាននាក់ ដោយលទ្ធផលប្រែប្រួលខ្លាំងទៅតាមនិន្នាការនៃការមានកូន។
អ្វីដែលគេហៅថា «រចនាសម្ព័ន្ធប្រជាជនមាស» ពោលគឺនៅពេលដែលចំនួនប្រជាជនដែលមានអាយុធ្វើការលើសពីចំនួនអ្នកក្នុងបន្ទុក ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅឆ្នាំ២០៣៦ ដោយបើកផ្លូវឲ្យមានយុគសម័យប្រជាជនវ័យចំណាស់ ហើយនៅទីបំផុត អ្នកអាយុចាស់មានកាន់តែច្រើនឡើង៕

