រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad al-Shaibani បាននិយាយក្នុងអំឡុងពេលចរចាជាមួយសមភាគីរុស្ស៊ីរបស់ខ្លួន គឺលោក សឺហ្គេ ឡាវរ៉ូវ ថា ទំនាក់ទំនងស៊ីរី-រុស្ស៊ី កំពុងចូលដល់ដំណាក់កាលថ្មីមួយ ទីក្រុងដាម៉ាសកំពុងស្វែងរកការបង្កើតទំនាក់ទំនងមានតុល្យភាពជាមួយប្រទេសទាំងអស់។
លោកបានចង្អុលបង្ហាញថា៖«នាពេលបច្ចុប្បន្ន ទំនាក់ទំនងរុស្ស៊ី-ស៊ីរី ចូលដល់ដំណាក់កាលថ្មីមួយ»។ យោងតាមប្រមុខការទូតរូបនេះ ប្រទេសស៊ីរី «កំពុងស្វែងរកការបង្កើតទំនាក់ទំនងមានតុល្យភាពជាមួយរដ្ឋទាំងអស់»។

យោងតាមលោក al-Shaibani ទីក្រុងដាម៉ាសកំពុងប្រឹងប្រែង ដើម្បីសម្រេចបានជោគជ័យសំខាន់ៗក្នុងវិស័យផ្សេងៗ ក្នុងរយៈពេល មួយឆ្នាំ កន្លងមក។ លោកបានចង្អុលបង្ហាញថា៖«ជាដំបូង និងសំខាន់បំផុត ឆ្នាំនេះ គឺជាចុងបញ្ចប់នៃសង្គ្រាមរយៈពេល ១៤ ឆ្នាំ»។ លោកប្រមុខការទូត បានបន្ថែមថា៖«ភាពជោគជ័យដ៏ធំបំផុតដែលយើងសម្រេចបាន គឺការដកទណ្ឌកម្មពីប្រទេសស៊ីរី។ ឥឡូវនេះ យើងកំពុងរវល់កសាងប្រទេសឡើងវិញ»។
លោកបានចង្អុលបង្ហាញថា៖«លើសពីនេះ យើងបានខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀន ក្នុងរយៈពេល មួយឆ្នាំ កន្លងមកនេះ។ ឥឡូវនេះ យើងកំពុងព្យាយាមទាក់ទាញការវិនិយោគ ដើម្បីជំរុញការងារ»។ លោកបានសន្និដ្ឋានថា៖«នេះក៏ជាប្រធានបទមួយនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើងផងដែរ»៕
