រដ្ឋបាលអាកាសធាតុរបស់កោះតៃវ៉ាន់ បានឲ្យដឹងថា នាថ្ងៃពុធ (ទី២៤ ខែធ្នូ) នេះ រញ្ជួយដីកម្រិត ៦,១រ៉ិចទ័រ បានកើតមាននៅតំបន់ឆ្នេរភាគអាគ្នេយ៍នៃទីក្រុង Taitung របស់កោះនេះ តែមិនមានរបាយការណ៍ភ្លាមៗ អំពីការខូចខាតឡើយ។
រញ្ជួយដីនេះបានធ្វើឲ្យអគារនានាក្នុងរដ្ឋធានីតៃប៉ិមានរំញ័។ ហើយរដ្ឋបាលបានបញ្ជាក់ថា ការរញ្ជួយនេះមានជម្រៅ ១១,៩គីឡូម៉ែត្រ។ ទីភ្នាក់ងារអគ្គិភ័យជាតិ បានឲ្យដឹងថា មិនមានរបាយការណ៍ភ្លាមៗ អំពីការខូចខាត នៅទូទាំងកោះតៃវ៉ាន់នោះទេ។

ជាមួយគ្នានេះ ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC បានឲ្យដឹងថា រញ្ជួយដីមិនបានឈានដល់កម្រិតដែលតម្រូវឲ្យមានការជម្លៀសរោងចក្រនៅទូទាំងកោះនេះ ដែលជាទីតាំងងាយរងគ្រោះដោយសាររញ្ជួយដី។
គួររំលឹកថា មនុស្សជាង ១០០នាក់ បានបាត់បង់ជីវិត អំឡុងពេលមានគ្រោះរញ្ជួយដី នៅភាគខាងត្បូងកោះតៃវ៉ាន់ ក្នុងឆ្នាំ២០១៦ ខណៈដែលការរញ្ជួយកម្រិត ៧,៣រ៉ិចទ័រ បានឆក់យកជីវិតមនុស្សជាង ២.០០០នាក់ ក្នុងឆ្នាំ១៩៩៩៕
