រុស្ស៊ី៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយកាលពីថ្ងៃអង្គារថា រុស្ស៊ីនឹងបន្តប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន រហូតសម្រេចបាននូវគោលដៅសំខាន់របស់ខ្លួនក្នុងការការពារប្រទេសរុស្ស៊ី ពីការគំរាមកំហែងរបស់ប្រទេសលោកខាងលិច។

លោក Shoigu បាននិយាយថា មូលហេតុចម្បងនៅពីក្រោយសកម្មភាពរបស់រុស្ស៊ី គឺដើម្បីការពារប្រទេសរុស្ស៊ីពីការគំរាមកំហែងផ្នែកយោធាបង្កឡើងដោយបណ្ដាប្រទេសលោកខាងលិច ដែលកំពុងព្យាយាមប្រើប្រាស់ប្រជាជនអ៊ុយក្រែន។ លោកបានបញ្ជាក់ជាថ្មីថា យោធារុស្ស៊ីមិនកាន់កាប់ទឹកដីអ៊ុយក្រែននោះទេ ហើយកំពុងចាត់វិធានការទាំងអស់ដើម្បីការពារអាយុជីវិត និងសុវត្ថិភាពជនស៊ីវិល។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov និយាយកាលពីថ្ងៃអង្គារថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានបំផ្លាញគោលដៅហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែនចំនួន ១.៣២៥ទីតាំងចាប់តាំងពីការចាប់ផ្ដើមប្រតិបត្តិការ។
ជុំទីមួយនៃកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែនដែលបានបញ្ចប់នៅក្នុងទីក្រុង Gomel ប្រទេសបេឡារុស និងមានរយៈពេលប្រាំម៉ោងកាលពីថ្ងៃចន្ទនោះ មិនបានឈានដល់ការទម្លាយភាពទាល់ច្រកយ៉ាងច្បាស់ណាមួយឡើយ។ រុស្ស៊ីបានបញ្ជាក់ពីគោលជំហរ និងលក្ខខណ្ឌរបស់ខ្លួនសម្រាប់ការបញ្ចប់សង្គ្រាម ហើយគណៈប្រតិភូអ៊ុយក្រែននឹងវាយតម្លៃដើម្បីបញ្ជាក់នៅក្នុងកិច្ចចរចាជុំទីពីរ៕
អត្ថបទ៖ ប៊ុនថន