វិមានក្រឹមឡាំង នៅថ្ងៃពុធ (ទី២៤ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ត្រូវបានរៀបរាប់ប្រាប់នូវព័ត៌មាន អំពីការទាក់ទងជាមួយបេសកជនរបស់ប្រធានាធិបតី Donald Trump ជុំវិញសំណើរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែនដែលអាចកើតមាន ហើយឥឡូវនេះ ទីក្រុងមូស្គូនឹងរៀបចំនូវគោលជំហរយ៉ាងជាក់លាក់របស់ខ្លួន។
លោក Trump ដែលនិយាយថា រូបលោកចង់ឲ្យគេចងចាំ ក្នុងនាមអ្នកបង្កើតសន្តិភាព បានត្អូញត្អែរម្តងហើយម្តងទៀតថា ការបញ្ចប់សង្រ្គាមអ៊ុយក្រែន ដែលជាការប្រយុទ្ធគ្នាបណ្ដាលឲ្យមានមនុស្សស្លាប់ច្រើនបំផុតនៅអឺរ៉ុប គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ គឺជាគោលដៅនយោបាយបរទេសដែលពិបាកសម្រេចបានបំផុតនៃតំណែងប្រធានាធិបតីរបស់លោក។
អ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុប មានក្ដីបារម្ភថា លោក Trump អាចបោះបង់អ៊ុយក្រែន ហើយទុកឲ្យមហាអំណាចអឺរ៉ុបទទួលខុសត្រូវ ក្នុងការគាំទ្រអ៊ុយក្រែនដែលត្រូវបានបំផ្លិចបំផ្លាញ បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានដណ្តើមកាន់កាប់ដែនដីអ៊ុយក្រែន ១២-១៧គីឡូម៉ែត្រការ៉េ ក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា បេសកជន លោក Kirill Dmitriev បានរាយការណ៍ប្រាប់លោក Putin ក្នុងដំណើរទៅកាន់ទីក្រុង Miami របស់សហរដ្ឋអាមេរិក សម្រាប់ការប្រាស្រ័យទាក់ទងជាមួយបេសកជនរបស់លោក Trump។ ប៉ុន្តែលោក Peskov បដិសេធមិនលើកឡើងពីប្រតិកម្មរបស់រុស្ស៊ី ចំពោះសំណើ ឬទម្រង់ឯកសារពិតប្រាកដ ដោយបញ្ជាក់ថា វិមានក្រឹមឡាំងនឹងមិនចែករំលែកព័ត៌មានបែបនេះតាមប្រព័ន្ធផ្សព្វផ្សាយឡើយ។
លោក Peskov បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា៖ «កត្តាសំខាន់ៗទាំងអស់នៃជំហររបស់ភាគីរុស្ស៊ី ត្រូវបានដឹងយ៉ាងច្បាស់ ដោយសហសេវិកខាងភាគីអាមេរិករបស់យើង។ ឥឡូវនេះ យើងចង់រៀបចំនូវគោលជំហរជាក់លាក់របស់យើង ដោយផ្អែកលើព័ត៌មានដែលទទួលបានដោយប្រមុខរដ្ឋ ហើយបន្តទំនាក់ទំនងរបស់យើងនាពេលខាងមុខ តាមរយៈបណ្តាញមានស្រាប់ ដែលកំពុងតែដំណើរការនាពេលនេះ»៕
