ប្រភពពីក្រសួងការបរទេសទួរគី បានបង្ហើបឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan នៅថ្ងៃពុធ (ទី២៤ ខែធ្នូ) នេះ បានជួបជាមួយមន្ត្រីការិយាល័យនយោបាយរបស់ក្រុមហាម៉ាស នៅទីក្រុងអង់ការ៉ា ដើម្បីពិភាក្សា អំពីបទឈប់បាញ់នៅតំបន់ហ្កាហ្សា និងការជំរុញឲ្យកិច្ចព្រមព្រៀងចូលដំណាក់កាលទី២។
ប្រភពនោះបានបញ្ជាក់ថា មន្ត្រីរបស់ក្រុមហាម៉ាសបានប្រាប់លោក Fidan ថា ពួកគេបានបំពេញតាមតម្រូវការ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ប៉ុន្តែការបន្តកំណត់គោលដៅរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា មានគោលបំណងរារាំងកិច្ចព្រមព្រៀងមិនឲ្យចូលទៅដំណាក់កាលបន្ទាប់។

ជាមួយគ្នានេះ ប្រភពបានបន្ថែមថា សមាជិកក្រុមហាម៉ាសក៏បានប្រាប់ផងដែរថា លំហូរជំនួយមនុស្សធម៌ដែលចូលទៅកាន់ហ្កាហ្សា គឺមិនគ្រប់គ្រាន់ឡើយ ហើយថា ទំនិញនានា ដូចជាថ្នាំពេទ្យ ឧបករណ៍ សម្រាប់លំនៅឋាន និងប្រេងឥន្ធនៈ គឺត្រូវការជាចាំបាច់។
គួរបញ្ជាក់ថា បើទោះបីជាមានបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិកដែលបានចូលជាធរមានកាលពីខែតុលាក៏ដោយ ក៏អ៊ីស្រាអែលនៅតែបន្តរំលោភលើកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយក្រុមហាម៉ាស ដោយមិនព្រមឲ្យមានរថយន្តជំនួយវេជ្ជសាស្ត្រដែលបានព្រមព្រៀងគ្នាចូលក្នុងដែនដីនេះ និងបង្កឲ្យមាននូវអ្វីដែលក្រសួងសុខាភិបាលបានចាត់ទុកថា ជាគ្រាអាសន្នសុខភាពដ៏ធ្ងន់ធ្ងរ និងកំពុងបន្ត៕


