យន្តហោះឯកជន ១គ្រឿង ដែលដឹកប្រមុខយោធាលីប៊ី មន្ត្រី ៤នាក់ផ្សេងទៀត និងសមាជិកអាកាសយានិក ៣នាក់ បានធ្លាក់កាលពីថ្ងៃអង្គារ (ទី២៣ ខែធ្នូ) បន្ទាប់ពីហោះចេញពីរដ្ឋធានី Ankara របស់ប្រទេសទួរគី ដោយបានបណ្ដាលអ្នកជិះនៅលើនោះស្លាប់ទាំងអស់។ ហើយមន្ត្រីលីប៊ី បានប្រាប់ថា មូលហេតុនៃការធ្លាក់នោះ គឺដោយសារបញ្ហាបច្ចេកទេស។

មន្ត្រីទួរគីបានឲ្យដឹងថា គណៈប្រតិភូលីប៊ីបានស្ថិតនៅក្នុងទីក្រុង Ankara ដើម្បីធ្វើកិច្ចពិភាក្សាការពារជាតិកម្រិតខ្ពស់ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសទាំង២។
នាយករដ្ឋមន្ត្រីលីប៊ី លោក Abdul-Hamid Dbeibah បានបញ្ជាក់ពីការស្លាប់របស់លោកឧត្តមសេនីយ៍ Muhammad Ali Ahmad al-Haddad និងមន្ត្រីទាំង ៤រូបនោះ ដោយលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្ដាញសង្គម Facebook ថា «ឧបទ្ទវហេតុដ៏សោកនាដកម្ម» បានកើតឡើង ខណៈដែលគណៈប្រតិភូកំពុងវិលត្រឡប់មកប្រទេសវិញ។ លោកនាយករដ្ឋមន្ត្រី បានហៅគ្រោះថ្នាក់នេះថា ជាការខាតបង់ដ៏ធំមួយ សម្រាប់ប្រទេសលីប៊ី។
គួរបញ្ជាក់ថា លោក Al-Haddad គឺជាមេបញ្ជាការយោធាជាន់ខ្ពស់ នៅភាគខាងលិចលីប៊ី ហើយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចប្រឹងប្រែងដែលកំពុងបន្តមានរបស់អង្គការសហប្រជាជាតិ ដើម្បីបង្រួបបង្រួមយោធារបស់លីប៊ី ដែលបានបែកបាក់គ្នា ដូចស្ថាប័នភាគច្រើនរបស់ប្រទេសលីប៊ីដែរ៕
