ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានអំពាវនាវឲ្យមានកិច្ចប្រជុំជាមួយលោក Donald Trump ដើម្បីពិភាក្សា និងដោះស្រាយបញ្ហារសើបបំផុត នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព នាពេលអនាគត ជាមួយរុស្ស៊ី ដូចជាការគ្រប់គ្រងដែនដីជាដើម បន្ទាប់ពីមានកិច្ចចរចាជុំចុងក្រោយ រវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន។
នៅក្នុងសុន្ទរកថាទៅកាន់អ្នកសារព័ត៌មានដែលចេញផ្សាយដោយការិយាល័យរបស់លោក នៅថ្ងៃពុធ (ទី២៤ ខែតុលា) នេះ លោក Zelenskiy បាននិយាយថា គណៈប្រតិភូអ៊ុយក្រែន និងសហរដ្ឋអាមេរិក បានបោះជំហានបន្តិចម្ដងៗឆ្ពោះទៅកាន់ការបញ្ចប់ផែនការ ២០ចំណុច នៅក្នុងកិច្ចពិភាក្សា កាលពីចុងសប្តាហ៍ នៅទីក្រុង Miami សហរដ្ឋអាមេរិក។
លោក Zelenskiy បាននិយាយថា៖ «នេះគឺជាឯកសារដែលត្រូវបានចាត់ទុកថា ជាក្របខ័ណ្ឌមួយ ពោលគឺជាឯកសារមូលដ្ឋាន ស្តីពីការបញ្ចប់សង្រ្គាម ដែលជាឯកសារនយោបាយ រវាងពួកយើង អាមេរិក អឺរ៉ុប និងរុស្ស៊ី។ យើងត្រៀមរួចជាស្រេច សម្រាប់កិច្ចប្រជុំជាមួយសហរដ្ឋអាមេរិក នៅកម្រិតមេដឹកនាំ ដើម្បីដោះស្រាយបញ្ហារសើបនានា។ បញ្ហាជាច្រើន ដូចជាបញ្ហាដែនដីជាដើម ត្រូវតែពិភាក្សានៅកម្រិតមេដឹកនាំ»។
ប្រធានាធិបតីអាមេរិក លោក Trump បាននិយាយជាយូរមកហើយថា លោកចង់បញ្ចប់សង្រ្គាមដែលបណ្ដាលឲ្យមានមនុស្សស្លាប់ច្រើនបំផុត នៅអឺរ៉ុប គិតចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី២ ប៉ុន្តែរហូតមកដល់ពេលនេះ បានបរាជ័យក្នុងការទទួលបានការធ្វើសម្បទានពីភាគីមានជម្លោះជាមួយគ្នា៕