ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានឲ្យដឹងថា ប្រទេសអ៊ីស្រាអែល «នឹងឆ្លើយតបយ៉ាងសមស្រប» ចំពោះឧប្បត្តិហេតុ នៅភាគខាងត្បូងនៃទីក្រុង Rafah របស់តំបន់ហ្កាហ្សា នាថ្ងៃនេះ (ទី២៤ ខែធ្នូ) ដែលមន្រ្តីអ៊ីស្រាអែលម្នាក់ បានរងរបួសស្រាល បន្ទាប់ពីរថយន្តពាសដែករបស់គេ បានបើកពារលើឧបករណ៍បំផ្ទុះ។
នៅក្នុងសេចក្តីប្រកាសមួយដែលបានចេញផ្សាយជាភាសាអង់គ្លេសតែប៉ុណ្ណោះ PMO (ការិយាល័យនាយករដ្ឋមន្ត្រី) ឲ្យដឹងថា៖ «អង្គការភេរវករហាម៉ាស បន្តរំលោភលើបទឈប់បាញ់ និងផែនការ ២០ចំណុចរបស់លោកប្រធានាធិបតី (Donald) Trump»។
PMO បន្តថា៖ «ការបដិសេធជាសាធារណៈដែលកំពុងមាន និងជាបន្តរបស់ពួកគេ ក្នុងការរំសាយអាវុធ គឺជាការរំលោភបំពានយ៉ាងជាក់ស្ដែងជាបន្តបន្ទាប់ ហើយថ្ងៃនេះជាថ្មីម្តងទៀត ចេតនា និងការរំលោភបំពានដ៏ហិង្សារបស់ពួកគេ ត្រូវបានបញ្ជាក់ដោយការបំផ្ទុះ IED (គ្រាប់បែកកៃច្នៃ) ដែលបានបង្ករបួសដល់មន្ត្រី IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល)»។
យ៉ាងណាក្ដី គេមិនទាន់ច្បាស់ទេថា តើគ្រាប់បែកនេះត្រូវបានបង្កប់នៅក្នុងតំបន់នោះដោយក្រុមភេរវករ ឬថា តើវាជាឧបករណ៍បំផ្ទុះចាស់ ឬយ៉ាងណា។
សេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃ មុនពេលលោក Netanyahu គ្រោងនឹងធ្វើដំណើរទៅកាន់រដ្ឋ Florida សហរដ្ឋអាមេរិក ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងគោលបំណងពិភាក្សាអំពីជំហានបន្ទាប់នៃបទឈប់បាញ់ដ៏ផុយស្រួយ នៅតំបន់ហ្កាហ្សា៕