នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyah បាននិយាយកាលពីថ្ងៃពុធ (២៤ ធ្នូ) ថា អ៊ីស្រាអែលនឹងចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ចំនួន ៣៥០ ពាន់លានស្ហាកែល (រូបិយបណ្ណអ៊ីស្រាអែល ឬ ប្រមាណ ១១០ ពាន់លានដុល្លារអាមេរិក) លើការអភិវឌ្ឍឧស្សាហកម្មផលិតអាវុធឯករាជ្យមួយ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសដទៃ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់អាកាសយានិកកងទ័ពអាកាសនៅមូលដ្ឋានទ័ពអាកាស Hatzerim ភាគខាងត្បូងអ៊ីស្រាអែល លោក Netanyahu បានលើកឡើងថា៖ «កាលពីប៉ុន្មានសប្តាហ៍មុន... លោកបានអនុម័តថវិកាសរុបចំនួន ៣៥០ ពាន់លានស្ហាកែល ក្នុងរយៈពេល ១ទសវត្សរ៍ខាងមុខ ដើម្បីកសាងឧស្សាហកម្មអាវុធឯករាជ្យមួយសម្រាប់រដ្ឋអ៊ីស្រាអែល»។
លោកបានបន្ថែមថា ជំហាននេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ដើម្បីកាត់បន្ថយការពឹងផ្អែកលើអ្នកផ្គត់ផ្គង់អាវុធពីខាងក្រៅ «រួមទាំងសម្ព័ន្ធមិត្តផងដែរ» ដោយកត់សម្គាល់ថា ប្រព័ន្ធអាវុធទាំងនេះ «នឹងធានានូវអត្ថប្រយោជន៍របស់អ៊ីស្រាអែល លើសមរភូមិនាពេលអនាគត»។
ការប្រកាសនេះធ្វើឡើងខណៈដែលអ៊ីស្រាអែល បន្តប្រយុទ្ធលើសមរភូមិជាច្រើននៅតំបន់មជ្ឈិមបូព៌ា។ ក្នុងអំឡុងពេលនៃការវាយប្រហារយោធាអស់ ២ឆ្នាំរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា បណ្ដាប្រទេសជាច្រើន រួមទាំងសម្ព័ន្ធមិត្តដូចជាអាល្លឺម៉ង់ អង់គ្លេស អេស្ប៉ាញ និងហូឡង់ជាដើម បានដាក់កំហិត ឬត្រួតពិនិត្យឡើងវិញលើការនាំចេញអាវុធទៅអ៊ីស្រាអែល ដោយសារក្តីបារម្ភពីការរំលោភច្បាប់អន្តរជាតិ៕

