នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កំពុងមានវត្តមាន នៅសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យការតាក់តែងវិញ្ញាសា និងជ្រើសរើសប្រធានវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៅពេលរសៀលនេះ។
អនុគណៈកម្មការតាក់តែងវិញ្ញាសា កំពុងដំណើរការរៀបចំ និងតាក់តែងវិញ្ញាសា សម្រាប់បេក្ខជនប្រឡងប្រជែងយ៉ាងសស្រាក់សស្រាំ និងដោយសម្ងាត់ពីសាស្ត្រចារ្យជំនាញ ដោយមានការតាមដានមើលពី តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា សាធារណជនស្ម័គ្រចិត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា។
បន្ទាប់ពីវិញ្ញាសាត្រូវបានតាក់តែងចប់រួចរាល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ធ្វើការជ្រើសរើសប្រធានវិញ្ញាសាដោយសម្ងាត់ សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី១) មុនវិញ្ញាសាទាំងនោះត្រូវបានថតចម្លង និងបន្តនីតិវិធីផ្សេងៗ។
សូមជម្រាបថា វិញ្ញាសាដែលតាក់តែងនាព្រឹកនេះ ជាវិញ្ញាសាពហុចម្លើយ ដែលពាក់ព័ន្ធនឹងវប្បធម៌ទូទៅ ច្បាប់ រដ្ឋបាល នយោបាយ អាស៊ាន សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។






