នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃពុធ ២៤ ធ្នូសប្ដាហ៍នេះថា អ៊ីស្រាអែលនឹងសងសឹកលើក្រុមហាម៉ាសសម្រាប់អ្វីដែលខ្លួននិយាយថាជាការបំពានបទឈប់បាញ់បន្ទាប់ពីមន្ត្រីយោធាអ៊ីស្រាអែលម្នាក់រងរបួសដោយសារគ្រឿងផ្ទុះនៅក្នុងទីក្រុងរ៉ាហ្វាភាគខាងត្បូងនៃតំបន់ហ្កាហ្សា។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រសម្រាប់អ្នកបើកយន្តហោះកងទ័ពអាកាសអ៊ីស្រាអែលលោក Netanyahu បានចោទប្រកាន់ហាម៉ាសថា បដិសេធមិនព្រមរំសាយអាវុធតាមតម្រូវការក្រោមកិច្ចព្រមព្រៀងឈប់បាញ់ខែតុលា ដោយហៅជំហររបស់ក្រុមនេះថា ជាការរំលោភយ៉ាងច្បាស់លើកិច្ចព្រមព្រៀងនេះ។

លោក Netanyahu បាននិយាយថា អ៊ីស្រាអែលនឹងឆ្លើយតបតវិញដោយបន្ថែមថាក្រុមហាម៉ាសបានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនមិនមានបំណងទម្លាក់អាវុធរបស់ខ្លួនទេ។
យោធាអ៊ីស្រាអែលមុននេះបាននិយាយថា គ្រឿងផ្ទុះមួយ បានផ្ទុះចំរថយន្តយោធាមួយនៅក្នុងតំបន់រ៉ាហ្វា បណ្តាលឱ្យមន្ត្រីម្នាក់រងរបួសស្រាល។ កងកម្លាំងអ៊ីស្រាអែល នៅតែបន្តប្រតិបត្តិការក្នុងតំបន់មួយចំនួននៃភាគខាងត្បូងរបស់តំបន់ហ្កាហ្សា ទោះបីជាមានបទឈប់បាញ់ក៏ដោយ។
ក្រុមហាម៉ាសបានបដិសេធការទទួលខុសត្រូវចំពោះការផ្ទុះនេះ។ លោក Mahmoud Merdawi មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស បាននិយាយក្នុងសារមួយនៅលើបណ្ដាញសង្គម X ថា ការផ្ទុះនេះបណ្តាលមកពីគ្រាប់រំសេវមិនទាន់ផ្ទុះរបស់អ៊ីស្រាអែល ដែលបន្សល់ទុកក្នុងអំឡុងពេលប្រយុទ្ធគ្នាកន្លងមក ហើយក្រុមនេះបានជូនដំណឹងដល់ក្រុមអ្នកសម្របសម្រួលអំពីរឿងនេះដែរ៕