យោងតាមការស្ទង់មតិរដ្ឋពីស្ថាប័ន VTsIOM របស់រុស្ស៊ី បាននិយាយកាលពីថ្ងៃពុធ (២៤ ធ្នូ) ថា អត្រាភាគច្រើននៃប្រជាជនរុស្ស៊ី រំពឹងថា សង្គ្រាមនៅអ៊ុយក្រែន នឹងបញ្ចប់នៅឆ្នាំ២០២៦ ក្នុងសញ្ញាមួយដែលបង្ហាញថា វិមានក្រឹមឡាំង អាចកំពុងសាកល្បងប្រតិកម្មសាធារណៈចំពោះលទ្ធភាពនៃដំណោះស្រាយសន្តិភាព ខណៈកិច្ចប្រឹងប្រែងផ្នែកការទូតដើម្បីបញ្ចប់ជម្លោះកាន់តែមានសន្ទុះខ្លាំងឡើង។

ក្នុងអំឡុងបទបង្ហាញចុងឆ្នាំរបស់ស្ថាប័នស្ទង់មតិនេះ អនុប្រធាន VTsIOM លោក Mikhail Mamonov បាននិយាយថា អត្រា ៧០% នៃអ្នកឆ្លើយតបសរុប ១.៦០០នាក់ បានមើលឃើញឆ្នាំ២០២៦ ថាជាឆ្នាំ "ជោគជ័យ" សម្រាប់រុស្ស៊ីជាងឆ្នាំនេះ ខណៈដែលអត្រា ៥៥% មានក្តីសង្ឃឹមថា ឆ្នាំដដែលនោះត្រូវបានផ្សារភ្ជាប់ទៅនឹងការបញ្ចប់ដែលអាចកើតមាន ចំពោះអ្វីដែលរុស្ស៊ីហៅថា "ប្រតិបត្តិការយោធាពិសេស" របស់ខ្លួននៅអ៊ុយក្រែន។

លោក Mamonov បាននិយាយថា «មូលហេតុចម្បងនៃសុទិដ្ឋិនិយមនេះ គឺជាលទ្ធភាពនៃការបញ្ចប់ប្រតិបត្តិការយោធាពិសេស និងការសម្រេចបាននូវគោលបំណងដែលបានបញ្ជាក់ ស្របតាមផលប្រយោជន៍ជាតិដែលបានគូសបញ្ជាក់ដោយប្រធានាធិបតីរុស្ស៊ី»។
អនុប្រធានស្ថាប័នស្ទង់មតិរដ្ឋរូបនេះ ក៏បានលើកពីកត្តាជំរុញចម្បងៗនៅពីក្រោយការរំពឹងទុកសម្រាប់កិច្ចព្រមព្រៀងសន្តិភាពនៅទីបំផុតនេះថាមកពី ការវាយលុកជាបន្តបន្ទាប់របស់កងទ័ពរុស្ស៊ីនៅអ៊ុយក្រែន ការស្ទាក់ស្ទើររបស់សហរដ្ឋអាមេរិកក្នុងការផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែន និងភាពអសមត្ថភាពរបស់សហភាពអឺរ៉ុបក្នុងការជំនួសសហរដ្ឋអាមេរិក ទាំងផ្នែកហិរញ្ញវត្ថុ និងយោធា៕
