អ៊ីរ៉ង់បានបដិសេធការអំពាវនាវការអនុញ្ញាតឱ្យមានការត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរដែលត្រូវបានទម្លាក់គ្រាប់បែកក្នុងអំឡុងពេលវាយប្រហារដោយសហរដ្ឋអាមេរិកក្នុងខែមិថុនា ដោយនិយាយថាអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិត្រូវតែកំណត់ជាមុនសិននូវ "លក្ខខណ្ឌក្រោយសង្គ្រាម" ដែលគ្រប់គ្រងការចូលទៅកាន់ទីតាំង ត្រូវបានរងការវាយប្រហារដោយយោធា។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅទីក្រុងតេអេរ៉ង់កាលពីថ្ងៃពុធ ២៥ធ្នូសប្ដាហ៍នេះ លោក Mohammad Eslami ប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់ បាននិយាយថា ទីក្រុងតេអេរ៉ង់នឹងមិនអនុញ្ញាតឱ្យមានការត្រួតពិនិត្យទីតាំងដែលរងការវាយប្រហារដោយសហរដ្ឋអាមេរិកទេ រហូតដល់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បង្កើតក្របខ័ណ្ឌច្បាស់លាស់សម្រាប់ដំណើរចុះពិនិត្យបែបនេះ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់។
លោក Eslami បាននិយាយថា ប្រសិនបើមាននីតិវិធីដែលបានបង្កើតឡើងសម្រាប់ស្ថានភាពក្រោយសង្គ្រាម ទីភ្នាក់ងារនេះ គួរតែប្រកាស ដើម្បីឱ្យពួកលោកអាចអនុវត្តបាន។

លោកបានបន្ថែមថា ទីក្រុងតេអេរ៉ង់បានទំនាក់ទំនងជាផ្លូវការនូវជំហររបស់ខ្លួនទៅកាន់ IAEA ដោយទទូចថាច្បាប់ត្រូវតែកំណត់ និងចងក្រងជាក្រម សម្រាប់ករណីនានា ដែលទីតាំងនុយក្លេអ៊ែរក្រោមការការពារអន្តរជាតិត្រូវបានទទួលរងការវាយប្រហារដោយយោធា។

ក្នុងអំឡុងសង្គ្រាមរយៈពេល ១២ ថ្ងៃជាមួយអ៊ីស្រាអែលក្នុងខែមិថុនា២០២៥ យោធាអាមេរិកបានទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរធំៗចំនួនបីរបស់អ៊ីរ៉ង់ គឺ Fordo, Natanz និង Isfahan ដោយប្រើគ្រាប់បែកខួងទម្លុះចូលក្នុងដីកម្ទេចគោលដៅ។ យោងតាមក្រសួងសុខាភិបាលអ៊ីរ៉ង់ មនុស្សជាង ៤៣០ នាក់បានស្លាប់ និងរាប់ពាន់នាក់ទៀតបានរងរបួសក្នុងរលកនៃការវាយប្រហារនេះ៕