មន្ត្រីសហរដ្ឋអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃពុធ ទី២៤ ខែធ្នូ ថា សេតវិមានបានបញ្ជាឱ្យកងកម្លាំងយោធាអាមេរិកផ្តោតសំខាន់ស្ទើរតែទាំងស្រុងលើការអនុវត្ត «ការហ៊ុមព័ទ្ធ» ប្រេងរបស់ប្រទេសវ៉េណេស៊ុយអេឡាឲ្យនៅឯកោយ៉ាងហោចណាស់រយៈពេលពីរខែបន្ទាប់ ដោយបង្ហាញថា ទីក្រុងវ៉ាស៊ីនតោនកំពុងផ្តល់អាទិភាពដល់សម្ពាធសេដ្ឋកិច្ចជាជាងសកម្មភាពយោធាដោយផ្ទាល់ប្រឆាំងទីក្រុងការ៉ាកាស។

មន្ត្រីរូបនេះបាននិយាយថា «ខណៈជម្រើសយោធានៅតែមាន ការផ្តោតសំខាន់គឺត្រូវប្រើប្រាស់សម្ពាធសេដ្ឋកិច្ចជាមុនសិនដោយអនុវត្តទណ្ឌកម្មដើម្បីទទួលបានលទ្ធផលដែលសេតវិមានកំពុងស្វែងរក»។

លោកប្រធានាធិបតី Donald Trump បាននិយាយជាសាធារណៈអំពីគោលបំណងច្បាស់លាស់របស់លោកទាក់ទងនឹងប្រទេសវ៉េណេស៊ុយអេឡា ប៉ុន្តែបានដាក់សម្ពាធជាលក្ខណៈឯកជនលើប្រធានាធិបតី លោក Nicolas Maduro ឱ្យលាចេញពីតំណែង។
មន្ត្រីរូបនេះបាននិយាយថា «កិច្ចខិតខំប្រឹងប្រែងរហូតមកដល់ពេលនេះបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើលោក Maduro ហើយភាពជឿជាក់គឺថានៅចុងខែមករា ប្រទេសវ៉េណេស៊ុយអេឡានឹងប្រឈមមហន្តរាយសេដ្ឋកិច្ច លុះត្រាតែប្រទេសនេះព្រមព្រៀងធ្វើសម្បទានសំខាន់ៗចំពោះសហរដ្ឋអាមេរិក»។
លោក Trump បានចោទប្រកាន់ប្រទេសវ៉េណេស៊ុយអេឡាថាបានដឹកជញ្ជូនគ្រឿងញៀនចូលទៅសហរដ្ឋអាមេរិក។ រដ្ឋបាលរបស់លោក រយៈពេលជាច្រើនខែមកហើយបានធ្វើការវាយប្រហារលើទូកដែលមានប្រភពមកពីប្រទេសអាមេរិកខាងត្បូងដែលខ្លួនចោទប្រកាន់ថាកំពុងដឹកជញ្ជូនគ្រឿងញៀន ជាការវាយប្រហារដែលត្រូវបានថ្កោលទោសដោយប្រទេសជាច្រើនថាជាការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ។