យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ការផ្ទុះ បានធ្វើឲ្យបាក់បែកវិហារអ៊ីស្លាមមួយកន្លែងនៅភាគឦសានប្រទេសនីហ្សេរីយ៉ា ខណៈអ្នកគោរពបូជាបានមកជួបជុំគ្នាសម្រាប់ការបួងសួងពេលល្ងាច ដោយការផ្ទុះបានសម្លាប់និងធ្វើឱ្យរងរបួសមនុស្សច្រើននាក់។

ការផ្ទុះ កើតឡើងកាលពីល្ងាចថ្ងៃពុធ ក្នុងទីក្រុង Maiduguri រដ្ឋ Borno នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters និង AFP ដោយបានដកស្រង់សម្តីសាក្សី។

អ្នកនាំពាក្យនាគរបាល បានបញ្ជាក់ពីការផ្ទុះនេះថា ក្រុមយុទ្ធភណ្ឌគ្រឿងផ្ទុះមួយក្រុមបានទៅដល់កន្លែងកើតហេតុនៅវិហារអ៊ីស្លាមនៃទីក្រុង Maiduguri ប៉ុន្តែពុំមានព័ត៌មានផ្លូវការណាមួយអំពីចំនួនអ្នកស្លាប់ និងរបួសនៅឡើយទេ។ មេដឹកនាំវិហារអ៊ីស្លាម លោក Malam Abuna Yusuf បានប្រាប់សារព័ត៌មាន AFP ថា មនុស្សយ៉ាងហោចណាស់៨នាក់បានស្លាប់ ខណៈមេដឹកនាំកងជីវពល លោក Babakura Kolo បានដាក់តួលេខត្រឹម៧នាក់។ សាក្សីម្នាក់បានប្រាប់ AFP ថា លោកបានឃើញ «ជនរងគ្រោះជាច្រើននាក់ត្រូវបានបញ្ជូនទៅព្យាបាល»។ មូលហេតុនៃការផ្ទុះនេះនៅពុំទាន់ត្រូវបានគេដឹងភ្លាមៗនៅឡើយ ប៉ុន្តែវាបានកើតឡើងនៅក្នុងទីក្រុងមួយដែលជាចំណុចកណ្តាលនៃការបះបោរប្រដាប់អាវុធបង្កឡើងដោយក្រុម Boko Haram និងសាខាក្រុមរដ្ឋអ៊ីស្លាម(ISIS)នៅក្នុងតំបន់។
ទោះបីជាអំពើហិង្សាបានថយចុះចាប់តាំងពីកម្រិតខ្ពស់ប្រហែលមួយទសវត្សរ៍មុនក៏ដោយ វាក៏បានរាលដាលដល់ប្រទេសជិតខាងនីហ្សេ ឆាដ និងប្រទេសកាមេរូន។