ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបញ្ជាក់ក្នុងអំឡុងពេលធ្វើសុន្ទរកថាជូនពរបុណ្យណូអែលដល់យោធាកាលពីថ្ងៃពុធ (២៤ ធ្នូ) ថា ការវាយប្រហារជើងគោកនឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខ ប្រឆាំងនឹងគោលដៅក្រុមជួញដូរគ្រឿងញៀននៅអាមេរិកឡាទីន។

ភាពតានតឹងក្នុងតំបន់បានកើនឡើងខ្លាំង ជាពិសេសរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងការ៉ាកាស ខណៈលោក Trump បង្កើនយុទ្ធនាការដាក់សម្ពាធលើលោកប្រនាធិបតីវ៉េណេស៊ុយអេឡា Nicolás Maduro ដែលរួមមាន វត្តមានយោធាកាន់តែខ្លាំងក្លានៅក្នុងតំបន់ និងការវាយប្រហារផ្លូវអាកាសដោយយោធាលើនាវាសង្ស័យថាជួញដូរគ្រឿងញៀន នៅដែនទឹកជិតប្រទេសអាមេរិកខាងត្បូងមួយនេះ ដែលបានសម្លាប់មនុស្សជាង ១០០នាក់មកហើយ។

ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមានកាលពីដើមខែធ្នូ លោក Trump បានព្រមានរួចមកហើយថា អាមេរិកនឹងបើកដំណាក់កាលថ្មីនៃយុទ្ធនាការយោធាប្រឆាំងជនសង្ស័យជួញដូរគ្រឿងញៀន ដែលនឹងវាយប្រហារទីតាំងនានានៅលើដីគោក ហើយកំណត់គោលដៅលើ "អ្នកណាក៏ដោយ" ដែលពាក់ព័ន្ធនឹងការជួញដូរខុសច្បាប់។
កាលពីដើមឆ្នាំនេះ សេតវិមានបានកំណត់ក្រុមជួញដូរគ្រឿងញៀនអន្តរជាតិជាច្រើន រួមទាំងក្រុមនៅវ៉េណេស៊ុយអេឡា ថាជាអង្គការភេរវកម្ម រួមទាំងក្រុម “Cartel de los Soles” ដែលខ្លួនអះអាងថា ដឹកនាំដោយលោក Maduro ប៉ុន្តែមេដឹកនាំវ៉េណេស៊ុយអេឡារូបនេះបានបដិសេធ៕
