សាជីវកម្មអវកាសរដ្ឋរបស់រុស្ស៊ី បាននិយាយថា ទីក្រុងមូស្គូ មានគម្រោងដាក់រោងចក្រថាមពលនុយក្លេអ៊ែរនៅលើឋានព្រះចន្ទ ក្នុងរយៈពេល ១ទសវត្សរ៍ខាងមុខ ដើម្បីផ្គត់ផ្គង់កម្មវិធីអវកាសរបស់ខ្លួន និងស្ថានីយ៍ស្រាវជ្រាវរួមគ្នារវាងរុស្ស៊ី-ចិន ខណៈបណ្ដាប្រទេសមហាអំណាចកំពុងប្រញាប់ប្រញាល់បង្កើនបេសកកម្មរុករកផ្កាយរណបធម្មជាតិតែមួយគត់របស់ផែនដី។

សាជីវកម្មអវកាសរុស្ស៊ី Roscosmos បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតផ្នែកអវកាស Lavochkin Association ដើម្បីធ្វើបេសកកម្មសាងសង់រោងចក្រថាមពលលើឋានព្រះចន្ទនៅឆ្នាំ២០៣៦។ សារជីវកម្មនេះមិនបាននិយាយច្បាស់ៗថា រោងចក្រនេះនឹងក្លាយជារោងចក្រនុយក្លេអ៊ែរទេ ប៉ុន្តែបានបញ្ជាក់ថា អ្នកចូលរួមរួមក្នុងផែនការនេះរួមមាន សាជីវកម្មនុយក្លេអ៊ែររដ្ឋរុស្ស៊ី Rosatom និងវិទ្យាស្ថាន Kurchatov ដែលជាវិទ្យាស្ថានស្រាវជ្រាវនុយក្លេអ៊ែរឈានមុខគេរបស់រុស្ស៊ី។
គួរឱ្យដឹងថា រុស្ស៊ីមិនមែនជាប្រទេសតែមួយគត់ដែលមានផែនការបែបនេះទេ។ កាលពីខែសីហា អង្គការណាសា របស់សហរដ្ឋអាមេរិក ក៏បានប្រកាសពីចេតនារបស់ខ្លួនក្នុងការសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរនៅលើឋានព្រះចន្ទផងដែរ នៅត្រឹមត្រីមាសទីមួយនៃឆ្នាំសារពើពន្ធ ២០៣០។

ចាប់តាំងពីអវកាសយានិកសូវៀត លោក Yuri Gagarin បានក្លាយជាមនុស្សដំបូងគេដែលចូលក្នុងលំហអាកាសក្នុងឆ្នាំ១៩៦១មក រុស្ស៊ីមានមោទនភាពចំពោះខ្លួនឯង ថាជាមហាអំណាចឈានមុខគេក្នុងការរុករកអវកាស ប៉ុន្តែប៉ុន្មានទសវត្សរ៍ថ្មីៗនេះ រុស្ស៊ីបានធ្លាក់នៅពីក្រោយអាមេរិក និងកាន់តែឆ្ងាយឡើងៗ នៅពីក្រោយចិន។ មហិច្ឆតារបស់រុស្ស៊ី បានរងគ្រោះកាន់តែខ្លាំងក្នុងខែសីហា ឆ្នាំ២០២៣ នៅពេលបេសកកម្មឋានព្រះចន្ទ លូណា-25 ដែលគ្មានអវកាសយានិករបស់ខ្លួន បានធ្លាក់បុកផ្ទៃព្រះចន្ទ ពេលកំពុងព្យាយាមចុះចត៕
