ប្រទេសចិនបានលើកឡើងកាលពីថ្ងៃពុធ ២៤ធ្នូសប្ដាហ៍នេះថា ខ្លួននឹងវាយបកវិញប្រឆាំងនឹងពន្ធចុងក្រោយរបស់សហរដ្ឋអាមេរិកដែលកំណត់គោលដៅលើវិស័យឧបករណ៍អេឡិចត្រូនិករបស់ខ្លួន។

កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងដំឡើងពន្ធនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៧ ដែលនឹងត្រូវប្រកាសយ៉ាងហោចណាស់៣០ ថ្ងៃមុនចូលជាធរមាន។

វិធានការនេះ បានធ្វើឡើងបន្ទាប់ពីការចេញផ្សាយនៃការរកឃើញពីការស៊ើបអង្កេតរយៈពេលមួយឆ្នាំលើវិស័យបន្ទះឈីបរបស់ប្រទេសចិន ដែលបានចាប់ផ្តើមក្នុងខែចុងក្រោយនៃរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក Joe Biden។
ការិយាល័យនេះបាននិយាយថា ការជំរុញរបស់ទីក្រុងប៉េកាំងដើម្បីគ្របដណ្ដប់លើវិស័យនេះគឺ មិនសមហេតុផល និងបានបង្កការគំរាមកំហែងសេដ្ឋកិច្ចដល់សហរដ្ឋអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍ន ថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានពន្ធរបស់សហរដ្ឋអាមេរិក និងការដាក់សម្ពាធមិនសមហេតុផលរបស់ខ្លួនលើឧស្សាហកម្មចិន។
លោក Lin បាននិយាយថា ចំណាត់ការនេះនឹងរំខានដល់ឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់នៅជុំវិញពិភពលោក ហើយនឹងរារាំងដល់ការអភិវឌ្ឍសកលនៃឧស្សាហកម្មឧបករណ៍អេឡិចត្រូនិក៕