ទីភ្នាក់ងារសារព័ត៌មាន SANA របស់ប្រទេសស៊ីរី បានរាយការណ៍ថា ក្រសួងមហាផ្ទៃ បានប្រកាសពីការចាប់ខ្លួន លោក Taha al-Zoubi ជាឥស្សរជនឈានមុខម្នាក់នៅក្នុងក្រុមអាយស៊ីស(ISIS) នៅជិតក្រុងដាម៉ាស។ របាយការណ៍នេះបាននិយាយថា «ប្រតិបត្តិការសន្តិសុខដ៏តឹងរ៉ឹង» ត្រូវបានអនុវត្តដែលនាំទៅរកការចាប់ខ្លួន លោក al-Zoubi ។

សារព័ត៌មានSANA បានដកស្រង់សម្តីឧត្តមសេនីយ៍ឯក Ahmad al-Dalati ប្រធានសន្តិសុខក្រសួងមហាផ្ទៃនៅទីក្រុងដាម៉ាស ដោយនិយាយថា ការវាយឆ្មក់នេះបានកំណត់គោលដៅទីតាំងលាក់ខ្លួនរបស់ ក្រុមអាស៊ីស នៅតំបន់Maadamiya ភាគនិរតីទីក្រុងដាម៉ាស ហើយត្រូវបានអនុវត្ត «ក្នុងកិច្ចសហប្រតិបត្តិការ» ជាមួយសម្ព័ន្ធមិត្តប្រឆាំងក្រុមអាយស៊ីស រួមមានសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិកដែលកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមនេះ។

មន្ត្រីនិយាយថា ការចាប់ខ្លួននេះបានបង្ក «ការវាយប្រហារយ៉ាងធ្ងន់ធ្ងរ» ដល់បណ្តាញក្រុមអាយស៊ីស នៅក្នុងតំបន់រដ្ឋធានី និងបានបង្ហាញពី «ការត្រៀមខ្លួននៃរចនាសម្ព័ន្ធសន្តិសុខ»។ លោក al-Dalati បាននិយាយថា «យើងផ្ញើសារយ៉ាងច្បាស់លាស់មួយទៅកាន់អ្នកណាដែលហ៊ានចូលរួមក្នុងគម្រោងភេរវកម្ម ឬផ្តល់ការគាំទ្រដល់ក្រុមអាយស៊ីស នោះដៃនៃយុត្តិធម៌នឹងទៅដល់ពួកគេគ្រប់ទីកន្លែងដែលពួកគេនៅ»។