វិចិត្រករខ្សាច់ល្បីឈ្មោះលើពិភពលោក គឺលោក Sudarsan Pattnaik បានបង្កើតតាណូអែល ឬសាន់តាក្លូស ដោយប្រើផ្លែប៉ោមជាងមួយពាន់គីឡូក្រាមនៅលើឆ្នេរមួយក្នុងរដ្ឋ Odisha ភាគខាងកើតនៃប្រទេសឥណ្ឌាកាលពីយប់ថ្ងៃពុធ២៤ធ្នូ មុនបុណ្យណូអែល។

លោក Pattnaik ដែលត្រូវបានគេស្គាល់ថាជាអ្នកបង្កើតចម្លាក់ខ្សាច់ដ៏ធំសម្បើម បានប្រើផ្លែប៉ោមទម្ងន់១,៥ តោនដើម្បីបង្កើតសាន់តាក្លូសពណ៌ក្រហមចែងចាំង ដែលមានប្រវែងបណ្ដោយប្រហែល៦០ហ្វីត និងទទឹង៤៥ ហ្វីត។
ក្រុមអ្នកទេសចរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការស្នាដៃនេះ។ លោក Pattnaik និងក្រុមការងាររបស់លោកបានចំណាយពេលវេលារាប់ម៉ោងដើម្បីបញ្ចប់។

អ្នកទេសចរម្នាក់បាននិយាយថា គ្រាន់តែឃើញភ្លាម មានអារម្មណ៍ថាជារឿងអស្ចារ្យសម្រាប់រូបគេនិងមនុស្សដទៃទៀត។
គួររម្លឹកថាកាលពីឆ្នាំមុន លោក Pattnaik បានបង្កើតចម្លាក់ខ្សាច់តាណូអែលដោយប្រើស្គរគ្រាប់សូកូឡា ហើយក៏ត្រូវជាប់ក្នុងសៀវភៅកំណត់ត្រាពិភពលោករបស់ប្រទេសឥណ្ឌា ផងដែរ៕