ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានប្រាប់សារព័ត៌មាន Anadolu របស់ទួរគីថា ការពឹងផ្អែកកាន់តែខ្លាំងឡើងរបស់សកលលោក ទៅលើប្រទេសតែមួយសម្រាប់សារធាតុរ៉ែសំខាន់ៗ បង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខថាមពល និងអាចបង្កឱ្យមានភាពតានតឹងអន្តរជាតិដ៏អាក្រក់ ដែលអាចកើតមានលឿនបំផុតចាប់ពីឆ្នាំ២០២៦ ដ៏ខ្លីខាងមុខនេះ។

លោក Fatih Birol នាយកប្រតិបត្តិរបស់អង្គការថាមពលអន្តរជាតិ IEA បាននិយាយថា មានប្រទេសមួយបានគ្របដណ្ដប់ផ្នែកធំៗនៃទីផ្សាររ៉ែកម្រ ដោយគ្រប់គ្រងចន្លោះពី ៧០% ទៅ ៨០% នៃការផ្គត់ផ្គង់ ដោយមិនបញ្ជាក់ចំៗថាជាប្រទេសណានោះទេ ប៉ុន្តេបានហៅអតុល្យភាពនេះថាជាហានិភ័យធ្ងន់ធ្ងរបំផុតមួយ ដែលប្រព័ន្ធថាមពលពិភពលោក កំពុងប្រឈមមុខ។
លោកបានលើកឡើងថា «នេះជារឿងមិនត្រឹមត្រូវទេក្នុងការពឹងផ្អែកលើប្រភពតែមួយ។ ច្បាប់មាសនៃសន្តិសុខថាមពលគឺការធ្វើពិពិធកម្ម ហើយពិភពលោកត្រូវកាត់បន្ថយហានិភ័យដោយការស្វែងរកប្រភពប្រេង ឧស្ម័នធម្មជាតិ សារធាតុរ៉ែសំខាន់ៗ និងឥន្ធនៈនុយក្លេអ៊ែរពីប្រទេសផ្សេងៗគ្នាឱ្យច្រើនតាមដែលអាចធ្វើទៅបាន»។ លោក Birol បានសង្កត់ធ្ងន់ពីគំនិតរបស់លោកថា «អាចមានភាពតានតឹងធ្ងន់ធ្ងររវាងប្រទេសនានាលើរ៉ែកម្រនេះនៅឆ្នាំ២០២៦»។
យោងតាមរបាយការណ៍ចក្ខុវិស័យរ៉ែកម្រសកលឆ្នាំ២០២៥ របស់ទីភ្នាក់ងារ IEA បានបង្ហាញថា ចិនគឺជាប្រទេសចម្រាញ់រ៉ែឈានមុខគេសម្រាប់រ៉ែយុទ្ធសាស្ត្រសំខាន់ៗចំនួន ១៩ប្រភេទ ក្នុងចំណោមរ៉ែកម្រ ២០ប្រភេទ ដោយមានចំណែកទីផ្សារជាមធ្យមប្រហែល ៧០%៕


