រុស្ស៊ី៖ មន្ត្រីរុស្ស៊ីមួយរូបបានប្រកាសកាលពីល្ងាចថ្ងៃពុធថា ជុំទី២ នៃការចរចារវាងរុស្ស៊ី និងអ៊ុយក្រែននឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ យោងតាមលោក Vladimir Medinsky ប្រមុខដឹកនាំគណៈប្រតិភូរុស្ស៊ី ភាគីទាំង២ នឹងជួបគ្នានៅក្នុងតំបន់ Belovezhskaya Pushcha ក្នុងទីក្រុង Brest របស់ប្រទេសបេឡារុសជិតព្រំដែនប៉ូឡូញ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍ថា លោក Vladimir Medinsky ថា ក្រុមអ្នកចរចារបស់រុស្ស៊ីបានទៅដល់សម្រាប់ការចរចាក្នុងជំហរដដែល ខណៈគណៈប្រតិភូអ៊ុយក្រែនបានចាកចេញពីរដ្ឋធានីគីវ និងត្រូវគេរំពឹងថានឹងទៅដល់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ លោក Medinsky និយាយថា ការពិភាក្សានេះនឹងផ្ដោតលើបញ្ហាជាច្រើនទាក់ទងនឹងបទឈប់បាញ់ និងភាពចាំបាច់សម្រាប់ច្រករបៀងមនុស្សធម៌។ កាចរចាជុំទី១ រវាងរុស្ស៊ី និងអ៊ុយក្រែនដែលត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទបានបញ្ចប់ដោយគ្មានលទ្ធផលជាផ្លែផ្កា បន្ទាប់ពីការពិភាក្សាដែលបានបន្តរយៈពេល ៥ម៉ោង៕
អត្ថបទ៖ សុខមាន