សភាអ៊ីស្រាអែល កាលពីថ្ងៃពុធ (២៤ ធ្នូ) បានផ្តល់ការអនុញ្ញាតដំបូងរបស់ខ្លួន ដោយផ្តល់អំណាចទៅរដ្ឋាភិបាល សម្រាប់បើកការស៊ើបអង្កេតលើការវាយប្រហារដ៏ភ្ញាក់ផ្អើលនៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល ជាជាងការស៊ើបអង្កេតឯករាជ្យដែលទាមទារដោយក្រុមគ្រួសារជនរងគ្រោះ។

លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្រឆាំងនឹងការអំពាវនាវឱ្យបង្កើតគណៈកម្មការរដ្ឋឯករាជ្យមួយ ដើម្បីស៊ើបអង្កេតការបរាជ័យរបស់អ៊ីស្រាអែល ជុំវិញការវាយប្រហារដ៏បង្ហូរឈាមនោះ ដែលបានបញ្ឆេះឱ្យមានសង្គ្រាមនៅតំបន់ហ្កាហ្សា អស់រយៈពេល ២ឆ្នាំ។

ក្រុមចម្រុះកាន់អំណាចរបស់លោក Netanyahu បានបោះឆ្នោតកាលពីថ្ងៃពុធ ដើម្បីពន្លឿនសេចក្តីព្រាងច្បាប់មួយ ដែលផ្តល់សិទ្ធិអំណាចដល់សមាជិកសភា ក្នុងការជ្រើសរើសសមាជិកគណៈកម្មាធិការសម្រាប់ការស៊ើបអង្កេត និងផ្តល់អំណាចដល់គណៈរដ្ឋមន្ត្រីរបស់លោក Netanyahu ក្នុងការកំណត់អាណត្តិរបស់ខ្លួន។

អ្នករួចជីវិតពីហេតុការណ៍ថ្ងៃទី៧តុលា និងសាច់ញាតិរបស់ជនរងគ្រោះនៅក្នុងការវាយប្រហាររបស់ពួកហាម៉ាសនោះ បានចាប់ផ្តើមយុទ្ធនាការប្រឆាំងនឹងសំណើស៊ើបអង្កេតដែលដឹកនាំដោយរដ្ឋាភិបាល ដោយនិយាយថា មានតែគណៈកម្មការរដ្ឋឯករាជ្យមួយប៉ុណ្ណោះ ដែលអាចនាំអ្នកទទួលខុសត្រូវក្នុងគ្រោះថ្នាក់នោះ ទៅកាត់ទោសបាន៕