ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (២៥ ធ្នូ) នេះថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានពោលសរសើរពី «មិត្តភាពដែលមិនអាចយកឈ្នះបាន» ជាមួយកូរ៉េខាងជើង នៅក្នុងលិខិតជូនពរឆ្នាំថ្មីមួយផ្ញើជូនមេដឹកនាំ លោក Kim Jong Un។

នៅក្នុងសារដែលទីក្រុងព្យុងយ៉ាងទទួលបានតាំងតែពីសប្តាហ៍មុននោះ លោក Putin បានលើកសរសើរការចូលរួមរបស់ទាហានកូរ៉េខាងជើង ដែលបានជួយដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូ ប្រឆាំងនឹងអ៊ុយក្រែន ដោយនិយាយថា ការចូលរួមជាមួយគ្នានោះបានបង្ហាញឱ្យឃើញពី «ភាតរភាពយោធា» រវាងប្រទេសទាំងពីរ។

ក្នុងលិខិតនោះ មេដឹកនាំវិមានក្រឹមឡាំងរូបនេះក៏បានលើកពីបទប្បញ្ញត្តិនៃ «សន្ធិសញ្ញាប្រវត្តិសាស្ត្រស្តីពីភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ» ដែលបានចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីខែមិថុនា ឆ្នាំមុន ថាត្រូវបានបំពេញយ៉ាងពេលលេញហើយ «ដោយសារកិច្ចប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ»។

ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង និងលោកខាងលិច បានប៉ាន់ប្រមាណថា កូរ៉េខាងជើងបានបញ្ជូនទាហានជាង ១ម៉ឺននាក់ ទៅកាន់រុស្ស៊ី ក្នុងឆ្នាំ២០២៤ - ជាចម្បងទៅកាន់តំបន់ Kursk - រួមជាមួយនឹងយុទ្ធោបករណ៍ដូចជា គ្រាប់ផ្លោង មីស៊ីល និងប្រព័ន្ធរ៉ូកែតរយៈចម្ងាយឆ្ងាយជាដើម។ ទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូលក៏បានប៉ាន់ប្រមាណថា ទាហានកូរ៉េខាងជើងប្រហែល ២ពាន់នាក់ ដែលដាក់ពង្រាយដើម្បីជួយរុស្ស៊ី ត្រូវបានសម្លាប់៕