ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នឹងចេញដំណើរនៅព្រឹកថ្ងៃអាទិត្យ (២៨ ធ្នូ) ចុងសប្ដាហ៍នេះ ទៅកាន់សហរដ្ឋអាមេរិក សម្រាប់កិច្ចប្រជុំកំពូលការទូតដ៏សំខាន់មួយ ជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump ជាទីដែលមេដឹកនាំទាំងពីរនឹងពិភាក្សាពីបញ្ហានយោបាយ សន្តិសុខ ជាពិសេសភាពតានតឹងនៅមជ្ឈិមបូព៌ា។

គោលដៅនៃជំនួបគឺដើម្បីឈានដល់ការសម្រេចចិត្តលើបញ្ហាបន្ទាន់បំផុតនៃរបៀបវារៈចម្បងៗនៅក្នុងដៃរបស់លោក Netanyahu ដែលមានដូចជា បញ្ហាអ៊ីរ៉ង់ ស៊ីរី លីបង់ ការរំសាយអាវុធរបស់ក្រុមហាម៉ាស និងការឆ្ពោះទៅដំណាក់កាលទីពីរនៃផែនការសន្តិភាពរបស់លោក Trump សម្រាប់តំបន់ហ្កាហ្សា។
កិច្ចប្រជុំរវាងលោក Netanyahu និងលោក Trump នឹងធ្វើឡើងនៅនិវេសនដ្ឋានឯកជន Mar-a-Lago របស់ប្រធានាធិបតីអាមេរិករូបនេះ នៅរដ្ឋ Florida។ កាលវិភាគហោះហើរពិតប្រាកដរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល មិនទាន់បញ្ចេញនៅឡើយទេ ប៉ុន្តែកិច្ចប្រជុំនេះត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅរសៀលថ្ងៃចន្ទ ទី២៩ ខែធ្នូ (ម៉ោងនៅសហរដ្ឋអាមេរិក)។
ប្រភពនិយាយថា ក្នុងទស្សនៈរបស់អ៊ីស្រាអែល អ៊ីរ៉ង់នឹងក្លាយជាបញ្ហាស្នូល។ លោក Netanyahu ត្រូវបានរំពឹងថា នឹងបង្ហាញជូនលោក Trump នូវព័ត៌មានថ្មីៗពីវឌ្ឍនភាពរបស់អ៊ីរ៉ង់ ក្នុងការពន្លឿនកម្មវិធីមីស៊ីលបាលីស្ទិករបស់ខ្លួន និងនៅក្នុងការបន្តការគាំទ្រដល់ក្រុមប្រយុទ្ធតំណាងក្នុងតំបន់។ មេដឹកនាំអ៊ីស្រាអែលរូបនេះក៏នឹងបង្ហាញលោក Trump នូវជម្រើសមួយចំនួនប្រសិនបើចាំបាច់ រួមមាន កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ ដែលដោះស្រាយបញ្ហាសេសសល់ទាំងអស់ ការវាយប្រហារយោធាដោយអ៊ីស្រាអែល ឬក៏អាចជាការវាយប្រហាររួមគ្នារវាងអ៊ីស្រាអែល-អាមេរិក៕


