ក្រុមប្រទេសចំនួន ១៤ បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃពុធ ដែលថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការសម្រេចចិត្តរបស់អ៊ីស្រាអែល ក្នុងការបង្កើតការតាំងទីលំនៅថ្មីចំនួន ១៩ កន្លែង នៅក្នុងតំបន់វេសបែង ( West Bank) ដោយព្រមានថា ការសម្រេចបែបនេះរំលោភលើច្បាប់អន្តរជាតិ។

យោងតាមក្រសួងការបរទេសបារាំង សេចក្តីថ្លែងការណ៍រួមនេះ ត្រូវបានចុះហត្ថលេខារួមគ្នាដោយប្រទេសបែលហ្ស៊ិក កាណាដា ដាណឺម៉ាក បារាំង អាល្លឺម៉ង់ អ៊ីតាលី អ៊ីស្លង់ អៀរឡង់ ជប៉ុន ម៉ាល់តា ហូឡង់ ន័រវែស អេស្ប៉ាញ និងចក្រភពអង់គ្លេស។
សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា៖«យើងរំលឹកថា សកម្មភាពឯកតោភាគីបែបនេះ ដែលជាផ្នែកមួយនៃការពង្រឹងគោលនយោបាយតាំងទីលំនៅកាន់តែទូលំទូលាយ នៅក្នុងតំបន់វេសបែង មិនត្រឹមតែរំលោភលើច្បាប់អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងប្រឈមនឹងហានិភ័យនៃការបង្កអស្ថិរភាពផងដែរ»។

ក្រុមនេះ បានសង្កត់ធ្ងន់ថា ការពង្រីកការតាំងលំឋានប្រឈមនឹងហានិភ័យនៃការធ្វើឲ្យខូចដល់ការអនុវត្តផែនការសន្តិភាពតំបន់ហ្កាហ្សា ចំពេលមានកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានទៅដល់ដំណាក់កាលទី ២ និងធ្វើឲ្យប៉ះពាល់ដល់ទស្សនវិស័យសម្រាប់សន្តិភាព និងសន្តិសុខរយៈពេលវែង នៅទូទាំងតំបន់។
ប្រទេសទាំង ១៤ បានបញ្ជាក់ជាថ្មីនូវ «ការប្រឆាំងយ៉ាងច្បាស់លាស់» របស់ពួកគេចំពោះទម្រង់ណាមួយនៃការបញ្ចូលទឹកដីជាឧបសម្ព័ន្ធរបស់អ៊ីស្រាអែល និងការពង្រីកគោលនយោបាយតាំងទីលំនៅ រួមទាំងការអនុម័តការតាំងទីលំនៅតំបន់ E1 និងលំនៅឋានថ្មីរាប់ពាន់ខ្នង។
សេចក្តីថ្លែងការណ៍បានបន្ថែមថា៖«យើងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រសិទ្ធិសម្រេចចិត្តដោយខ្លួនឯងរបស់ប្រជាជនប៉ាឡេស្ទីន» ដោយបន្ថែមថា «យើងបញ្ជាក់ជាថ្មីថា គ្មានជម្រើសណាមួយក្រៅពីការចរចាអំពីដំណោះស្រាយរដ្ឋពីរនោះទេ»៕