សហភាពអឺរ៉ុប(EU)បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែន និងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការឆ្ពោះទៅរកសន្តិភាព និងវិបុលភាពយូរអង្វែងសម្រាប់ប្រជាជនយេម៉ែន។

ប្លុកនេះបានអំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹង និងលើកទឹកចិត្តដល់ការធ្វើឲ្យល្អប្រសើរឡើងនូវ
កិច្ចខិតខំប្រឹងប្រែងការទូតដោយគ្រប់ភាគី និងអ្នកពាក់ព័ន្ធក្នុងតំបន់។

សហភាពអឺរ៉ុបបានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងដែលសម្រេចបាននៅទីក្រុង Muscat នៃប្រទេសអូម៉ង់ ទៅលើដំណាក់កាលថ្មីនៃការដោះលែងអ្នកជាប់ឃុំឃាំងទាក់ទងនឹងជម្លោះពីគ្រប់ភាគីទាំងអស់។
EU បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះឯកភាព អធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសយេម៉ែន និងចំពោះរដ្ឋាភិបាលយេម៉ែន។
សហភាពអឺរ៉ុបក៏បានថ្កោលទោសការឃុំខ្លួនបុគ្គលិកអង្គការសហប្រជាជាតិ និងបុគ្គលិកអង្គការមិនមែន រដ្ឋាភិបាលជាបន្តបន្ទាប់ដោយក្រុមហ៊ួទី និងបានអំពាវនាវឲ្យមានការដោះលែងពួកគេដោយគ្មានលក្ខខណ្ឌ៕