រុស្ស៊ី៖ ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ីបានរាយការណ៍ថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា ទាហានរុស្ស៊ីចំនួន ៤៩៨នាក់បានស្លាប់ក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន និង ១.៥៩៧នាក់ផ្សេងទៀតរងរបួស ចាប់តាំងពីការចាប់ផ្ដើមប្រតិបត្តិការយោធារបស់ទីក្រុង Moscow នៅទីនោះ។

នេះគឺជាលើកដំបូងហើយដែលក្រុង Moscow បានដាក់ចំនួនអ្នកស្លាប់របស់ខ្លួន។ ក្រសួងនេះក៏បាននិយាយផងដែរថា ទាហានអ៊ុយក្រែន និងអ្នកជាតិនិយមជាង ២,៨៧០នាក់បានស្លាប់ និងប្រហែល ៣,៧០០នាក់បានរងរបួស នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax របស់រុស្ស៊ី។ ចំនួននេះមិនអាចស្វែងរកការផ្ទៀងផ្ទាត់ឲ្យបានជាក់លាក់បានទេ ហើយក៏ពុំមានការអត្ថាធិប្បាយភ្លាមៗពីខាងភាគីអ៊ុយក្រែនដែរ។

បើយោងតាមការឲ្យដឹងពីក្រុមអាជ្ញាធរអ៊ុយក្រែនវិញ ជនស៊ីវិលជាង ២,០០០នាក់បានស្លាប់ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការសង្គ្រាមរបស់ខ្លួន ទៅលើអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ខណៈដែលទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា មនុស្សជាង ៨៧៤,០០០នាក់បានរត់ភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ចូលទៅក្នុងប្រទេសជិតខាងផ្សេងៗ៕
អត្ថបទ៖ សុខមាន