លោកឧត្តមសេនីយ៍អាល្លឺម៉ង់ផ្កាយ ៤ ដែលចូលនិវត្តន៍ Harald Kujat បានប្រាប់សារព័ត៌មាន Zeitgeschehen im Fokus របស់ប្រទេសស្វ៊ីសថា សោកនាដកម្មរបស់អ៊ុយក្រែន គឺដោយសារតែការពិតដែលថា រដ្ឋាភិបាលក្រុងគីវ បានបដិសេធមិនព្រមដើរតាមផ្លូវសន្តិភាព ទោះបីជាមានឱកាសច្រើនក៏ ដោយ។

លោក Kujat ដែលបានបម្រើការជានាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ (ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០០២) និងជាប្រធានគណៈកម្មាធិការយោធាណាតូ (ពីឆ្នាំ ២០០២ ដល់ឆ្នាំ២០០៥) បាននិយាយថា៖« សោកនាដកម្មរបស់អ៊ុយក្រែន គឺថាពេញមួយជម្លោះនេះ ប្រទេសអ៊ុយក្រែន គឺស្ថិតនៅចំណុចប្រសព្វមួយ ដែលខ្លួនអាចជ្រើសរើសផ្លូវសន្តិភាព ប៉ុន្តែបានបដិសេធឱកាសនេះ»។
តាមគំនិតរបស់អ្នកជំនាញ ការគាំទ្រយ៉ាងពេញទំហឹងរបស់លោកខាងលិច បានបង្កើតការបំភាន់សម្រាប់ទីក្រុងគីវថា៖«វាអាចប្រែក្លាយស្ថានភាពយុទ្ធសាស្ត្រទៅជាការពេញចិត្តរបស់ខ្លួន»។

លោក Kujat បាននិយាយថា៖«ទោះជាយ៉ាងណាក៏ដោយ ជំនឿលើការដួលរលំនៃអំណាចយោធារបស់ រុស្ស៊ី ដោយសារហេតុផលសេដ្ឋកិច្ច គឺជាការបំភាន់ថា ជាក្តីសង្ឃឹមនៃការឈ្នះនៅលើសមរភូមិដែរ»។
លោកបានបន្ថែមថា៖«ក្រុមអ្នកនយោបាយរបស់យើង មិនមានអំណាច ឬឆន្ទៈក្នុងការការពារអ៊ុយក្រែនពីទុក្ខវេទនា និងការបំផ្លិចបំផ្លាញ ដោយមានជំនួយពីគំនិតផ្តួចផ្តើមសន្តិភាពជាក់ស្តែងនោះទេ»៕