ការ៉ាតេ៖ ក្រោយទទួលបានការគោលការណ៍ពីរាជរដ្ឋាភិបាល និងមានការគាំទ្រពីបណ្ដាប្រទេសអាស៊ាន សហព័ន្ធកីឡាការ៉ាតេកម្ពុជានឹងរៀបចំការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៩ នាចុងខែមីនា ឆ្នាំ២០២២ ខណៈសហព័ន្ធចាត់ទុកឱកាសធ្វើម្ចាស់ផ្ទះនេះ ជាការវាស់ស្ទង់ដ៏សំខាន់ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា ក្នុងកិច្ចប្រជុំជាមួយគណៈកម្មការជំនាញ និងភាគីពាក់ព័ន្ធ ដើម្បីត្រៀមខ្លួនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ កាលពីថ្ងៃទី០២ ខែមីនាម្សិលមិញ។ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា ការរៀបចំជើងឯកអាស៊ីអាគ្នេយ៍នេះ គឺជាយុទ្ធសាស្ដ្រពិសេសរបស់សហព័ន្ធ ដើម្បីវិនិច្ឆ័យអំពីកម្រិតបច្ចេកទេសនៃការរៀបចំផង និងសមត្ថភាព ក៏ដូចជាគុណផលរបស់កីឡាករ-កីឡាការិនីជម្រើសជាតិផងបន្ទាប់ពីឆ្លងកាត់ការប្រមូលផ្ដុំហ្វឹកហាត់ ជាមួយគ្រូបង្វឹកបរទេសមួយរយៈពេលធំកន្លងមក។ ម្យ៉ាងក៏នឹងមានការចូលរួមដឹកនាំ និងរៀបចំការប្រកួតពីមន្ដ្រី CAMSOC ផងដែរ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា នេះជាលើកទី១ ហើយដែលកីឡារ៉ាតេទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ហើយក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍ថ្នាក់តំបន់នេះ សហព័ន្ធប្ដេជ្ញានឹងរៀបចំធ្វើឲ្យបានល្អប្រសើរបំផុតតាមគន្លងថ្មីក្នុងបរិបទកូវីដ-១៩ ជាមួយការអនុវត្តវិធានការសុខាភិបាលដ៏តឹងរឹង ដើម្បីធានានូវសុខសុវត្ថិភាពជូនប្រតិភូ និងអត្តពលិកចូលរួម ពិសេសគឺដើម្បីមុខមាត់ និងកិត្តិយសជាតិតែម្ដង។ តាមគម្រោងការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី៩ នៅកម្ពុជា នឹងធ្វើការប្រកួតពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ នេះដែលតាមគម្រោងនឹងមានប្រតិភូ និងអត្តពលិកចូលរួមចំនួន ៩ប្រទេសដែលបច្ចុប្បន្នកំពុងដំណើរការចុះឈ្មោះ ហើយកម្ពុជាបានលើកទឹកចិត្តឲ្យបណ្ដាប្រទេសទាំងអស់ ចូលរួមប្រកួតជាមួយការអះអាង និងធានាផ្ដល់ជូននូវភាពកក់ក្ដៅ និងសុខសុវត្ថិភាពជូនអ្នកចូលរួមទៀតផង៕
អត្ថបទ៖ លី ឈុនឡា