សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃពុធ (ទី២៤ ខែធ្នូ) បានជំរុញឲ្យប្រធានាធិបតីអាមេរិក លោក Donald Trump កែប្រែការកោះហៅមកវិញនូវឯកអគ្គរដ្ឋទូតអាជីពជិត ៣០ ដោយព្រមានថា ចំណាត់កានេះបង្កហានិភ័យឲ្យមានភាពទំនេរនៃតួនាទី ដែលអាចឲ្យគូប្រជែង ដូចជាចិន និងរុស្ស៊ីជាដើម ពង្រីកឥទ្ធិពលរបស់ពួកគេ។
រដ្ឋបាលរបស់លោក Trump បានបញ្ជាឲ្យអ្នកការទូតជើងចាស់ដែលបម្រើការ នៅទូទាំងទ្វីបអឺរ៉ុប អាស៊ី អាហ្រ្វិក និងអាមេរិកឡាទីនវិលត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ ខណៈដែលខ្លួនប្រឹងប្រែងធ្វើឲ្យបេសកកម្មរបស់សហរដ្ឋអាមេរិកនៅបរទេស ស្របជាមួយនឹងអាទិភាព «អាមេរិកទី១» របស់លោកប្រធានាធិបតីរូបនេះ។

តែក្រសួងការបរទេស មិនបានប្រាប់ឲ្យដឹងថា តើ ឬពេលណាដែលឯកអគ្គរដ្ឋទូតត្រូវបានកោះហៅទៅវិញទាំងនោះ នឹងត្រូវបានជំនួសយ៉ាងដូចម្ដេច ដោយមន្ត្រីជាន់ខ្ពស់ពណ៌នាអំពីចំណាត់ការនេះថា ជា «ដំណើរការស្តង់ដារធម្មតា នៅក្នុងរដ្ឋបាលណាមួយ»។
នៅក្នុងលិខិតមួយដែលសារព័ត៌មាន Reuters បានឃើញ សមាជិកគណបក្សប្រជាធិបតេយ្យចំនួន ១០នាក់ នៅគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាសហរដ្ឋអាមេរិក បានលើកឡើងថា ការកោះហៅមកវិញដ៏ធំនេះ គឺមិនធ្លាប់មានពីមុនមកឡើយ នៅក្នុងសម័យទំនើបនៃសេវាកម្មបរទេសរបស់សហរដ្ឋអាមេរិក ហើយខ្វះផែនការច្បាស់លាស់ ដើម្បីធានាឲ្យមានប្រតិបត្តិការបន្ត។
ពួកគេបានព្រមានថា ការសម្រេចនេះនឹងជំរុញឲ្យចំនួនតំណែងឯកអគ្គរដ្ឋទូតអាមេរិកដែលនៅទំនេរ មានច្រើនជាង ១០០ ដែលប្រហែលពាក់កណ្តាលនៃមុខតំណែងបែបនេះ នៅទូទាំងពិភពលោក។ សមាជិកព្រឹទ្ធសភា បានបញ្ជាក់ថា តួនាទីប្រហែល ៨០ បានទំនេររួចទៅហើយ មុនពេលមានកោះហៅមកវិញនេះ៕
