អត្តពលកម្ម៖ ឯកឧត្តម សំហេង បុរស ប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តបានលើកឡើងថា សហព័ន្ធត្រូវការគ្រូជម្រើសជាតិ ៣០ ទៅ ៤០នាក់ទៀតដើម្បីជំរុញ និងពន្លឿនការអភិវឌ្ឍធនធានកីឡាករ-កីឡាការិនីទៅតាមវិញ្ញាសានីមួយៗឲ្យមានគុណផលខ្ពស់ សម្រាប់ត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា។

ការលើកឡើងនេះ បន្ទាប់ពីសហព័ន្ធបានរៀបចំវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេស កីឡាអត្តពលកម្មអន្ដរជាតិកម្រិត១ ដែលរៀបចំរយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈសហព័ន្ធបានជំរុញឲ្យសិក្ខាកាមយកចិត្តទុកដាក់សិក្សា នឹងត្រូវមានក្ដីស្រម៉ៃខ្ពស់ដើម្បីចូលរួមដឹកនាំ និងអភិវឌ្ឍន៍កីឡាអត្តពលកម្មកម្ពុជា។ ប្រមុខសហព័ន្ធដដែលបានបញ្ជាក់ថា កីឡាអត្តពលកម្មមានវិញ្ញាសាជាង ៤០វិញ្ញាសា តែកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាបច្ចុប្បន្នមានតែជាង ២០នាក់ និងគ្រូប្រហែល ៧-៨វិញ្ញាសាប៉ុណ្ណោះ។ ដូច្នេះមានន័យថា សហព័ន្ធត្រូវការគ្រូជម្រើសជាតិប្រហែល ៣០ ទៅ ៤០នាក់ទៀត។
ហេតុនេះសម្រាប់សិក្ខាកាមដែលស្រលាញ់ និងមានចំណេះជំនាញ ហើយគួរតែខំរៀនសូត្របន្ថែមដើម្បីក្លាយជាគ្រូជម្រើសជាតិ។ ដោយឡែកសហព័ន្ធគាំទ្រពេញទំហឹងរាល់មន្ដ្រីបច្ចេកទេស និងគ្រូណាដែលចង់អភិវឌ្ឍន៍ខ្លួនក្លាយជាគ្រូជម្រើសជាតិ ដោយសហព័ន្ធនឹងធ្វើការសហការជាមួយដៃគូបរទេស ដើម្បីបញ្ជូនទៅរៀនសូត្របន្ថែម ហើយយកចំណេះដឹងទាំងនោះមកដឹកនាំ និងអភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនីកម្ពុជាវិញ ដើម្បីឈានទៅប្រកួតប្រជែងលើឆាកអន្ដរជាតិ និងដណ្ដើមកិត្តិយសជូនជាតិនាថ្ងៃអនាគត៕
អត្ថបទ៖ លី ឈុនឡា