មេដឹកនាំប៉ាឡេស្ទីន លោក Mahmoud Abbas បានប្រកាសកម្មវិធីកំណែទម្រង់ដ៏ទូលំទូលាយមួយ កាលពីថ្ងៃពុធ (ទី២៤ ខែធ្នូ) ដែលមានបំណងធ្វើទំនើបកម្មអភិបាលកិច្ច និងរៀបចំ សម្រាប់ភាពជារដ្ឋ ជាវិធានការមួយដែលត្រូវបានក្រុមហាម៉ាសច្រានចោលភ្លាមៗ ដោយចាត់ទុកថា ជាការសម្រេច «ឯកតោភាគី» ដែលខ្វះការឯកភាពជាតិ។
យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ WAFA បានឲ្យដឹងថា ផែនការនេះស្វែងរកការពង្រឹងនីតិរដ្ឋ កែលម្អតម្លាភាព និងធានាឲ្យមានការបែងចែកអំណាច ដើម្បីលើកកម្ពស់ទំនុកចិត្តសាធារណៈ ចំពោះអាជ្ញាធរប៉ាឡេស្ទីន។

វិធានការដែលត្រូវបានស្នើឡើងនេះ រួមមានការពិនិត្យឡើងវិញ លើច្បាប់គ្រប់គ្រងស្ថានភាពនយោបាយ និងសេដ្ឋកិច្ច ដោយផ្តោតជាក់លាក់លើការត្រួតពិនិត្យហិរញ្ញវត្ថុ ប្រព័ន្ធតុលាការ និងការការពារប្រឆាំងនឹងអំពើពុករលួយ។ កំណែទម្រង់នេះ ក៏មានគោលបំណងផ្តល់ឲ្យស្ថាប័ននានាត្រួតពិនិត្យឯករាជ្យភាពកាន់តែទូលំទូលាយផងដែរ។
របៀបវារៈនេះរៀបរាប់អំពីការផ្លាស់ប្តូរពីអាជ្ញាធរប៉ាឡេស្ទីនទៅជារដ្ឋឯករាជ្យពេញលេញ រួមទាំងការធ្វើបច្ចុប្បន្នភាព ចំពោះច្បាប់បោះឆ្នោត និងការរៀបចំច្បាប់ថ្មី ស្តីពីគណបក្សនយោបាយ។ នៅក្រោមសំណើនេះ គណបក្សនយោបាយណាមួយ នឹងត្រូវបានតម្រូវឲ្យប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ និងកម្មវិធីនយោបាយរបស់អង្គការរំដោះប៉ាឡេស្ទីន។ នេះរួមបញ្ចូលទាំងការប្តេជ្ញាចិត្ត ចំពោះច្បាប់អន្តរជាតិ ដំណោះស្រាយរដ្ឋ២ និងគោលការណ៍នៃសិទ្ធិអំណាចស្របច្បាប់តែមួយ និងកម្លាំងប្រដាប់អាវុធ។
តែយ៉ាងណាកក្ដី ក្រុមហាម៉ាសដែលជាក្រុមសកម្មប្រយុទ្ធគ្រប់គ្រងតំបន់ហ្កាហ្សា បានរិះគន់ការប្រកាសនេះ ដោយនិយាយថា វាខ្វះនូវ «ការឯកភាពជាតិ»៕
