អាជ្ញាធរអាកាសចរណ៍ស៊ីវិល នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា ឧទ្ធម្ភាគចក្រ ១គ្រឿង បានធ្លាក់នៅភ្នំ Kilimanjaro របស់ប្រទេសតង់ហ្សានី ដោយបានបណ្ដាលឲ្យមនុស្ស ៥នាក់បាត់បង់ជីវិត ខណៈដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា យន្តហោះនេះ កំពុងបំពេញបេសកកម្មជួយសង្គ្រោះផ្នែកវេជ្ជសាស្រ្ត។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលតង់ហ្សានី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧទ្ធម្ភាគចក្រនេះបានធ្លាក់នៅជិតជំរុំ Barafu Camp របស់ភ្នំនេះ កាលពីថ្ងៃទី២៤ ខែធ្នូ។
សារព័ត៌មាន Mwananchi និងទូរទស្សន៍ East Africa ដែលដកស្រង់សម្តីស្នងការនគរបាលប្រចាំតំបន់ Kilimanjaro លោក Simon Maigwa បានរាយការណ៍ថា ឧទ្ធម្ភាគចក្រកំពុងបំពេញបេសកកម្មជួយសង្គ្រោះផ្នែកវេជ្ជសាស្រ្ត។

ព័ត៌មាន Mwananchi បានដកស្រង់សម្តីរបស់លោក Maigwa ដែលបាននិយាយថា ក្នុងចំណោមអ្នកស្លាប់នេះ មានមគ្គុទ្ទេសក៍ វេជ្ជបណ្ឌិត អ្នកបើកឧទ្ធម្ភាចក្រ និងអ្នកទេសចរបរទេស ២នាក់ តែសញ្ជាតិរបស់អ្នកទេសចរមិនត្រូវបានបញ្ជាក់ឲ្យដឹងឡើយ។
គួបញ្ជាក់ថា Kilimanjaro ដែលជាភ្នំខ្ពស់បំផុតរបស់ទ្វីបអាហ្រ្វិក មានកម្ពស់ជិត ៦.០០០ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ។ សារព័ត៌មាន Mwananchi បានរាយការណ៍ថា ការធ្លាក់នេះបានកើតឡើងនៅកម្ពស់ចន្លោះពី ៤.៦៧០ម៉ែត្រ ទៅ ៤.៧០០ម៉ែត្រ។ មានអ្នកទេសចរប្រហែល ៥០.០០០នាក់ឡើងភ្នំ Kilimanjaro នេះ ជារៀងរាល់ឆ្នាំ៕
