គណៈកម្មាធិការសន្តិសុខជាតិតាហ្ស៊ីគីស្ថាន បានបញ្ជាក់ក្នុងរបាយការណ៍មួយថា ការប៉ះទង្គិចគ្នាដោយអាវុធរវាងឆ្មាំព្រំដែនតាហ្ស៊ីគីស្ថាន និងក្រុមភេរវករដែលព្យាយាមលួចចូលពីប្រទេសអាហ្វហ្គានីស្ថាន បានបណ្តាលឲ្យមនុស្សស្លាប់។
សមាជិកបីនាក់នៃអង្គការភេរវកម្មមួយ ដែលបានឆ្លងកាត់ព្រំដែនដោយខុសច្បាប់នៅជិតស្រុក Shamsiddin Shohin ក្នុងតំបន់ព្រំដែនតាហ្ស៊ីគីស្ថាន Khatlon ត្រូវបានសម្លាប់ បន្ទាប់ពីបានតស៊ូដោយអាវុធ។ យោងតាមរបាយការណ៍នេះ ឆ្មាំព្រំដែនតាហ្ស៊ីគីស្ថានពីរនាក់ ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នានោះ។

កាំភ្លើង M16 ចំនួន បីដើម កាំភ្លើង Kalashnikov មួយដើម កាំភ្លើងខ្លីផលិតនៅបរទេសចំនួន បីដើម ដែលមានឧបករណ៍ទប់សំឡេង គ្រាប់បែកដៃចំនួន ១០ គ្រាប់ ឧបករណ៍មើលឃើញពេលយប់មួយគ្រឿង គ្រឿងផ្ទុះ និងគ្រាប់រំសេវផ្សេងទៀត ត្រូវបានរឹបអូស នៅកន្លែងកើតហេតុ។
គណៈកម្មាធិការបាននិយាយថា៖«នេះគឺជាការវាយប្រហារដោយអាវុធលើកទី ៣ សកម្មភាពភេរវកម្ម និងការលួចជ្រៀតចូលព្រំដែនពីអាហ្វហ្គានីស្ថានចូលទៅក្នុងប្រទេសតាហ្ស៊ីគីស្ថាន ក្នុងរយៈពេលមួយខែកន្លងមក ដែលបានបណ្តាលឲ្យជនស៊ីវិល និងយោធាស្លាប់។
ទីភ្នាក់ងារសារព័ត៌មាន Khovar បានដកស្រង់សម្តីកងទ័ពព្រំដែនតាហ្ស៊ីគីស្ថានថា ស្ថានភាពនៅតាមព្រំដែនបន្ទាប់ពីឧប្បត្តិហេតុ នៅថ្ងៃទី ២៤ ខែធ្នូ គឺភាពស្ងប់ស្ងាត់។ ការស៊ើបអង្កេតកំពុងបន្តធ្វើ៕
