នៅថ្ងៃព្រហស្បតិ៍ (ទី២៤ ខែធ្នូ) នេះ ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានបំភ្លៃគោលនយោបាយការពារជាតិរបស់ខ្លួន ដែលជាប៉ុនប៉ងបន្ទច់បង្អាក់ការធ្វើឲ្យប្រសើរឡើង នៅក្នុងទំនាក់ទំនងចិន-ឥណ្ឌា។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian កំពុងឆ្លើយតបទៅនឹងសំណួរមួយ នៅឯសន្និសីទសារព័ត៌មាន ដែលសួរថា តើប្រទេសចិនអាចទាញយកប្រយោជន៍ពីការបន្ធូរបន្ថយភាពតានតឹងថ្មីៗនេះ ជាមួយឥណ្ឌា ជុំវិញតំបន់ព្រំដែនមានជម្លោះ ដើម្បីទប់ស្កាត់ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងឥណ្ឌា កុំឲ្យកាន់តែស៊ីជម្រៅបានដែរ ឬទេ។

លោក Lin បានបញ្ជាក់ថា ប្រទេសចិនចាត់ទុកទំនាក់ទំនងរបស់ខ្លួនជាមួយឥណ្ឌាចេញពីទស្សនៈយុទ្ធសាស្ត្រ និងរយៈពេលវែង ដោយលោកបានបន្ថែមថា បញ្ហាព្រំដែន គឺជាបញ្ហា រវាងចិន និងឥណ្ឌា ហើយយើងជំទាស់នឹងប្រទេសណាមួយដែលចូលមកវិនិច្ឆ័យ អំពីបញ្ហានេះ។
គួរបញ្ជាក់ថា មន្ទីរបញ្ចកោណបានលើកឡើងនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃអង្គារថា ប្រទេសចិន «ប្រហែលជាប្រឺងប្រែងទាញយកផលប្រយោជន៍ពីការថយចុះនៃភាពតានតឹង ដើម្បីធ្វើឲ្យទំនាក់ទំនងទ្វេភាគីមានស្ថិរភាព និងទប់ស្កាត់ការធ្វើឲ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងឥណ្ឌា»៕
