នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែធ្នូ) បានប្រឹងប្រែងសម្រាលកង្វល់របស់ទីផ្សារ ជុំវិញការពង្រីកគោលនយោបាយសារពើពន្ធរបស់លោកស្រី ដោយនិយាយថា សេចក្តីព្រាងថវិការបស់រដ្ឋាភិបាល រក្សាការគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្ន ដោយកម្រិតការពឹងផ្អែកលើបំណុល។
ការមិនសប្បាយចិត្តរបស់វិនិយោគិន មានកាន់តែខ្លាំងឡើង ជុំវិញការពង្រីកសារពើពន្ធ ក្រោមរដ្ឋបាលរបស់លោកស្រីនាយករដ្ឋមន្ត្រី Takaichi ដែលបានជំរុញឲ្យទិន្នផលសញ្ញាបណ្ណរដ្ឋាភិបាលរយៈពេលវែងឡើងដល់កម្រិតខ្ពស់បំផុត និងធ្វើឲ្យប៉ះពាល់ដល់តម្លៃប្រាក់យ៉េន។
លោកស្រី Takaichi បានប្រាប់នាយកប្រតិបត្តិក្រុមចម្រុះដែលកំពុងកាន់អំណាចថា ថវិកាសម្រាប់ឆ្នាំដែលចាប់ផ្តើម នៅខែមេសា ដែលនឹងត្រូវបញ្ចប់នៅថ្ងៃសុក្រនេះ និងដាក់ជូនសភា នៅដើមឆ្នាំ២០២៦ នឹងមានចំនួនសរុប ១២២,៣សែនកោដិយ៉េន (៧៨៥,៤ពាន់លានដុល្លារ)។

ការចំណាយដ៏ច្រើន នឹងបន្ថែមទៅលើកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច ២១,៣សែនកោដិយ៉េន ដែលបានបង្កើតឡើងនៅក្នុងខែវិច្ឆិកា និងផ្តល់មូលនិធិដោយថវិកាបន្ថែម សម្រាប់ឆ្នាំសារពើពន្ធ២០២៥ ដែលផ្តោតលើការទប់ស្កាត់ផលប៉ះពាល់ដល់គ្រួសារ ដោយសារការកើនឡើងនូវការចំណាយនៃការរស់នៅ។
លោកស្រីបានបញ្ជាក់ថា ទោះបីជាមានទំហំខ្ពស់បំផុតក៏ដោយ ក៏ការចេញសញ្ញាបណ្ណរដ្ឋាភិបាលថ្មី សម្រាប់ឆ្នាំសារពើពន្ធ២០២៦ នឹងត្រូវបានកំណត់ត្រឹម ២៩,៦សែនកោដិយ៉េន ដែលនៅក្រោម ៣០សែនកោដិយ៉េន សម្រាប់រយៈពេល ២ឆ្នាំជាប់គ្នា។ លោកស្រី Takaichi បានបន្ថែមថា ការពឹងផ្អែកលើបំណុល នឹងធ្លាក់ចុះមកត្រឹម ២៤,២ភាគរយ ដោយថយពីកម្រិត ២៤,៩ភាគរយ នៅក្នុងថវិកាសារពើពន្ធដំបូងឆ្នាំ២០២៥ ដែលធ្លាក់នៅក្រោម ៣០ភាគរយជាលើកដំបូង ក្នុងរយៈពេល ២៧ឆ្នាំ។ អត្រាពឹងបំណុល ២៤,២ភាគរយនេះ នឹងជាកម្រិតទាបបំផុត ចាប់តាំងពីឆ្នាំ១៩៩៨ មក។
លោកស្រីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ «យើងជឿថាសេចក្តីព្រាងថវិកានេះ ធ្វើឲ្យមានតុល្យភាព រវាងការគ្រប់គ្រងសារពើពន្ធយ៉ាងប្រុងប្រយ័ត្ន និងការសម្រេចបាននូវសេដ្ឋកិច្ចរឹងមាំ ខណៈពេលដែលធានាបាននូវនិរន្តរភាពសារពើពន្ធ»៕
