ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែធ្នូ) នេះ បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកដែលអាចបំពាក់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី បានធ្វើការហោះហើរ «តាមការគ្រោងទុក» លើសមុទ្រន័រវ៉ែស និងសមុទ្រ Barents ដោយជំរុញឲ្យមានការហោះអមពី «យន្តហោះចម្បាំងរបស់បរទេស»។
ទាំងកាលបរិច្ឆេទនៃការហោះហើររបស់យន្តហោះ Tu-95 និងប្រទេសដែលដាក់ពង្រាយយន្តហោះត្រួតពិនិត្យ មិនត្រូវបានបញ្ជាក់ឲ្យបានជាក់លាក់នោះទេ។
ក្រសួងបានឲ្យដឹងថា៖ «យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95MS និងយន្តហោះមានផ្ទុកមីស៊ីលរបស់រុស្ស៊ី បានធ្វើការហោះហើរតាមកាលវិភាគ នៅលើដែនទឹកអន្តរជាតិនៃសមុទ្រ Barents និងសមុទ្រន័រវ៉ែស ដោយសំដៅទៅលើតំបន់ដែនទឹកភាគខាងជើងនៃអនុតំបន់អឺរ៉ុបខាងជើង និងភាគពាយព្យរុស្ស៊ី។

ក្រសួងបានបន្ថែមថា «នៅដំណាក់កាលជាក់លាក់លើផ្លូវនេះ យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ ត្រូវបានអមដំណើរដោយយន្តហោះចម្បាំងរបស់បរទេស»។ ស្ថាប័ននេះបានសង្កត់ធ្ងន់ថា ការហោះហើរបែបនេះ ធ្វើឡើងជាប្រចាំនៅក្នុងតំបន់ជាច្រើន ហើយស្របតាមច្បាប់អន្តរជាតិ។
កាលពីដើមខែនេះ កូរ៉េខាងត្បូង និងជប៉ុន បានរិះគន់ការហោះហើររបស់យន្តហោះយោធារុស្ស៊ី និងចិន នៅជិតដែនដីរបស់ពួកគេ ដែលនាំឲ្យប្រទេសទាំង២ ដាក់ពង្រាយយន្តហោះចម្បាំងយ៉ាងប្រញាប់ប្រញាល់៕
