ប្រភពឧស្សាហកម្មទេសចរណ៍ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែធ្នូ) នេះថា ប្រទេសចិនបានជំរុញទីភ្នាក់ងារទេសចរណ៍ក្នុងស្រុកកាត់បន្ថយចំនួនអ្នកទេសចរដែលតម្រង់ទៅជប៉ុនឲ្យបានចំនួន ៤០ភាគរយ ក្នុងអំឡុងពេលមានជម្លោះ រវាងទីក្រុងប៉េកាំង និងតូក្យូ ជុំវិញការលើកឡើងរបស់នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi លើស្ថានភាពដែលអាចកើតមាន នៅកោះតៃវ៉ាន់។
ប្រភពបាននិយាយថា ទីភ្នាក់ងារទេសចរណ៍ធំៗ នៅក្នុងប្រទេសចិន ត្រូវបានប្រាប់កាលពីចុងខែវិច្ឆិកា ឲ្យកាត់បន្ថយចំនួនពាក្យសុំទិដ្ឋាការជប៉ុនចំនួន ៤០ភាគរយ បន្ទាប់ពីមាននូវសុន្ទរកថានៅសភា កាលពីថ្ងៃទី៧ ខែវិច្ឆិការបស់លោកស្រី Takaichi ដែលលើកឡើងថា ការវាយប្រហារលើកោះតៃវ៉ាន់ អាចជា «ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត» សម្រាប់ប្រទេសជប៉ុន ដោយអាចពាក់ព័ន្ធនឹងកងកម្លាំងការពាររបស់ខ្លួន។

កាលពីពាក់កណ្តាលខែវិច្ឆិកា រដ្ឋាភិបាលចិនបានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនជៀសវាងកុំទៅលេងជប៉ុន ដោយបញ្ជាក់ថា ការលើកឡើងរបស់លោកស្រី Takaichi បានបំផ្លាញដល់បរិយាកាស សម្រាប់ការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន ហើយបង្កើនហានិភ័យដល់សុវត្ថិភាពរបស់ប្រជាជនចិន នៅជប៉ុន។
គួរបញ្ជាក់ថា ជនជាតិចិនត្រូវមានទិដ្ឋាការ ដើម្បីទៅលេងប្រទេសជប៉ុន និងស្នើសុំទិដ្ឋាករ តាមរយៈភ្នាក់ងារទេសចរណ៍ដែលទទួលបានការអនុញ្ញាត នៅក្នុងប្រទេសចិន៕
